ខេត្តបាត់ដំបង ៖ រថយន្តលុចស៊ីសសេរីទំនើប ៤៧០មួយគ្រឿង ក្រោយម្ចាស់លាងរួចចតទុកចោលបានបន្តិច ត្រូវជនមិនស្គាល់អត្តសញ្ញាណចូលបើកចេញទៅបាត់។
ករណីដ៏កម្រជួបនេះ បានកើតឡើងនៅអំឡុងវេលាម៉ោង៣ ៖ ២០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនះយីហោតេលា រស្មីបាត់ដំបង ស្ថិតក្នុងក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលហេតុការណ៍កើតឡើង បុគ្គលិកស្ថានីយ៍ប្រេង និងលាងរថយន្តខាងលើ បានលាងរថយន្តលុចស៊ីស ៤៧០ នោះ រួចរាល់ក៏យករថយន្តនោះទៅចតនៅផ្នែកខាងមុខស្ថានីយ៍ក្នុងគោលបំណងហាលថ្ងៃអោយស្ងួតបន្តិចដើម្បីជូតសម្អាត ជួនពេលនោះបុរសមានមាឌមាំម្នាក់បានដើរមកឡើងរថយន្តហើយបើកចេញទៅ ធ្វើអោយម្ចាស់រថយន្តមើលមុខគ្នាស្រឡាំងកាំងតែម្តង រួមនាំគ្នាជិះម៉ូតូតាមរថយន្ត រហូតទាន់និងកាក់ជាប់នៅចំនុចខាងលិចផ្សារថ្មី ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ គ្រាដែលម្ចាស់តាមទាន់ និងឃាត់រថយន្តជាប់នេះ ជាហេតុធ្វើអោយជនសង្ស័យស្ទុះបើកទ្វារថយន្តហើយរត់ចេញយ៉ាងលឿនទៅចូលក្នុងរថយន្តសេរីទំនើប១គ្រឿងទៀត ដែលឈប់ថតនៅក្បែរគ្នា ហើយចាក់សោររថយន្តជាប់គាំងទៀត ធ្វើអោយម្ចាស់រថយន្តទី២ ស្លន់ស្លោរយៈពេលយូរទើបបើកទ្វារថយន្តបាន។
រថយន្ត លុចស៊ីស LX ៤៧០ ពាក់ព័ន្ធខាងលើ ពណ៌ស ពាក់ស្លាកលេខ ២B-៦១៩៩ ដែលម្ចាស់ជាជនរងគ្រោះឈ្មោះ ឈឿន ទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅចំនុចភូមិ សង្កាត់កន្លែងកើតហេតុខាងលើ ។
ក្រោយរឿងរ៉ាវជាច្រើនបានកើតឡើងបន្តបន្ទាប់រួចមក សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យខាងដើមថា ជាជនមានសតិមិនគ្រប់ ហើយមិនបានឃាត់ខ្លួនឡើយ ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានម៉ូតូ ឬរថយន្តតូច ធំ នៅតាមមូលដ្ឋាននានា សូមបង្កើនការប្រុងយត្ន័ក្រែងកើតមានហេតុការណ៍ដូចគ្នាបង្កការលំបាក៕ ដោយ ៖ សុផល