មេ​កន្ទុយលេខ កែវ ចំរើន ហៅ​ព្រីង ល្បីកាន់តែ​ខ្លាំង​ថា មេ​ប៉ូលិស និង​ចៅហ្វាយក្រុង​អត់​ហ៊ាន​បង្ក្រាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2019 ក+ ក-

 

​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ ដែលមាន​ស័ក្ដិយស និង​តួនាទី​ធំ លំដាប់​ផ្កាយ បែរជា​មក​ព្រ​ព្រឹត្តិ​បទល្មើស​តាមរយៈ​បើក​ល្បែងស៊ីសង​ឆ្នោត​កន្ទុយលេខ​វៀតណាម យ៉ាង​កក្រើក​រាជធានី​ភ្នំពេញ សួរ​អ្នក​ភ្នំពេញ ឬ​អ្នក​អង្គុយ​កត់​កន្ទុយលេខ​(​កូនកញ្ច្រែង​) អ្នកណា​ក៏​ស្គាល់​លោក កែវ ចំរើន ហៅ​លោក​ព្រីង មេ​ល្បែង​ឆ្នោត​វៀតណាម នេះដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ កែវ ចំរើន ហៅ “​លោក​ព្រីង​” មានឈ្មោះ​ល្បី​ខាង​បើក​ល្បែង​ឆ្នោត​កន្ទុយលេខ​ផង កាង​ល្បែង​កន្ទុយលេខ​វៀតណាម​ផង ដែល​ការរកស៊ី​ល្បែងស៊ីសង​ដែលជា​បទល្មើស​សង្គម​ស្អប់ខ្ពើម​នេះ លោក ព្រីង រកស៊ី​តាំងពី​លោកស្នងការ​ចាស់​រហូត​ផ្លាស់​ស្នងការ​ថ្មី នៅតែ​ប្រកបមុខរបរ​ចាស់​ដដែល អត់​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​។ ដល់ពេល​អ៊ីចឹង ទៅ វា​ដូចជា​រាជធានី​ភ្នំពេញ​នេះ អត់​មានច្បាប់​ទម្លាប់ អត់​មាន​មេ​សមត្ថកិច្ច មេ​អាជ្ញាធរ​គ្រប់គ្រង​អ៊ីចឹង … ទុកឱ្យ​លោក ព្រីង កាង​ឆ្នោត​វៀតណាម ទូទាំង​រាជធានី​ភ្នំពេញ​ទាំង​១២ ខណ្ឌ យ៉ាង​គឃ្លើន​។

​កូនកញ្ច្រែង​កត់​កន្ទុយ​លេខ​មួយចំនួន បាន​និយាយ​អួតអាង​ជំនួស​លោក ព្រីង ថា ការប្រកប​របរ​រក​ស៊ី​បើក​ល្បែ​ស៊ីសង​ឆ្នោត​កន្ទុយលេខ​វៀតណាម​របស់លោក​ ព្រីង គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ឈាន​ជើង​ទៅ​ក្បែរ​នោះទេ គ្រាន់តែ​ឮឈ្មោះ​លោក ព្រីង សមត្ថកិច្ច​មូលដ្ឋាន​បះសក់​ទៅហើយ មិនដឹងថា លោក ព្រីង គាត់​មាន​ឥទ្ធិពល​ឫទ្ធិ​ចេស្តា​អ្វី​ទេ​? តែ​យ៉ាងណាក៏ ដោយ លោក ព្រីង មិន​ជះ​លុយ​ទាំង​ដុំៗ​ឲ្យ មេៗ​ថ្នាក់លើ​ទេ គឺ​មិនអាច​ឈរ​ធ្វើ​មេ​កន្ទុយ លេខ​វៀតណាម​បាន​រាប់​ឆ្នាំ​ដោយ​រលូ​ន​បែប​នេះបានឡើយ​។​

គួរ​កត់សម្គាល់ថា នៅតាម​ទីប្រជុំជន ឬ​ផ្សារ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ អ្នក​កត់​ឆ្នោត​កន្ទុយ លេខ​វៀតណាម ឬ​ហៅថា​កូនកញ្ច្រែង សុទ្ធសឹងតែ​ជា​កូនចៅ​របស់​ឧ​ត្ត​ម​សេនីយ៍ កែវ ចំរើន ហៅ​ព្រីង ស្ទើរតែ​ទាំងអស់​។ បើសិន​មានកូន​កញ្ច្រែង​ណា​ហ៊ាន​ក្បត់ ទៅ​កត់​ឆ្នោត​ឱ្យ​មេ​ផ្សេង លោក ព្រីង និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះទៅ​ចាប់​ឃាត់ខ្លួន​តែម្តង​។ មានន័យថា ឧ​ត្ត​ម​សេនីយ៍ កែវ ចំរើន ហៅ​ព្រីង ពិតជា​មានអំណាច​ខ្លាំង​មែន គឺ​ខ្លាំង​ជាង​លោក​ស្នង​រាជធានី​ភ្នំពេញ លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ទើប​ឡើងកាន់តំណែង​ថ្មី​ទៅទៀត​ផង … ថា​មិនត្រូវ​ទេ ទំនងជា​ខ្លាំង​ជាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ទៅទៀត​ផងក៏មិនដឹង ?។

គិត​សព្វៗ​ទៅ គឺ​ខ្លាំង​មែន ព្រោះ​លោក កែវ ចំរើន ហៅ​ព្រីង បើក​ល្បែង​កន្ទុយលេខ​ស្រេច​នឹង​ចិត្ត រាប់​ឆ្នាំ​មកហើយ​ក្នុង​រាជធានី​ភ្នំពេញ​នេះ តាំងពីជំនាន់​លោកស្នងការ​ចាស់ ដល់ស្នងការ ថ្មី និង​លោក​អភិបាល​រាជធានី​ចាស់ ថ្មី គ្មាន​អ្ន​កណា​ហ៊ាន​ធ្វើ​អីទេ​​៕​