ការបញ្ចុះថ្លៃស្កេនកុងតឺន័រ នឹងធ្វើឲ្យ វិស័យកាត់ដេរចំណេញប្រមាណ ៨០លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2019 ក+ ក-

ភ្នំពេញ ៖ គោលនយោបាយសម្រួលការចំណាយជាអតិបរមាផ្នែកធុរជន ជាពិសេស ក្នុង វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង រាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្ត ការបញ្ចុះថ្លៃស្កែនកុងតឺន័រ ទាំងនាំចេញនិងនាំចូល សម្រាប់វិស័យនេះ ចាប់ពីថ្ងៃទី១ មេសា ខាងមុខនេះ ដែលអាចអោយវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ចំណេញថវិកាប្រមាណ ៨០លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា រាជរដ្ឋា ភិបាលកម្ពុជា នឹងចាប់អនុវត្តការបញ្ចុះថ្លៃស្គែនកុងតឺន័រ ទាំងលើការនាំចេញ និង នាំចូល សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងផលិត ស្បែកជើង ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ តទៅ។

គោលនយោបាយ បញ្ចុះថ្លៃស្គែនកុងតឺន័រនេះ អាចអោយធុរកិច្ចវិស័យកាត់ដេរសំលៀក បំពាក់ និងផលិតស្បែកជើង ចំណេញជាទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក និង ចំណេញពីការកាត់បន្ថយថ្លៃស្កែនកុងតឺន័រ ប្រមាណ៣លាន២សែនដុល្លារអាមេរិក។ បើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្ហាញថា ការបញ្ចុះថ្លៃស្កែនកុងតឺន័រ វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងនេះ គឺអនុវត្តដូចគ្នា ទៅនឹងការនាំចេញ អង្ករដែរ មានន័យថា ត្រឹម១០ដុល្លារអាមេរិក សម្រាប់កុងតឺន័រ២០ហ្វិត និង១៦ដុល្លារ អាមេរិកសម្រាប់កុងតឺន័រ៤០ហ្វិត។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសពីការបញ្ចប់តួនាទីអចិន្ត្រៃយ៍ របស់ អគ្គនាយកដ្ឋានកាំកុងត្រូលពីមាត់ច្រកអន្តរជាតិ ព្រំដែនគោក អាកាសយានដ្ឋាន និងកំពង់ ផែ ដើម្បីកាត់បន្ថយការចំណាយនាំចេញ នាំចូលទំនិញរបស់អ្នកធុរកិច្ចផងដែរ។ គោលការណ៌នេះ នឹងធ្វើអោយ រដ្ឋបាត់បង់ចំណូលប្រមាណ៣២លានដុល្លារអាមេរិក តែវិស័យឯកជននឹងចំណេញជាទឹកប្រាក់ប្រមាណ៤៣លានដុល្លារអាមេរិក។

ដោយឡែក គោលនយោបាយថ្មី ចំពោះការលុបចោលការចេញ វិញ្ញាបនប័ត្រ បញ្ជាក់ ប្រភពដើម C.O. សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ក៏ធ្វើអោយ វិស័យនេះ នឹងចំណេញជាទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិកផងដែរ ៕