CPP ថ្កោលទោសសេចក្តីថ្លែងការណ៍ដែលថាគណបក្សប្រជាជនបែកបាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2019 ក+ ក-

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រ ទី៨ ខែកុម្ភៈ នេះ បានប្រកាសថ្កោលទោសសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុកឈ្មោះថា “អ្នកស្នេហាជាតិ គណបក្សប្រជាជន” ដែលលោក សម រង្ស៊ី បានចែកចាយភ្លាមដែរនៅលើទំព័រហ្វេសប៊ុករបស់លោក។ សេចក្តីថ្លែងការណ៍នោះ បង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រៀមខ្លួនទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ។

គណបក្សប្រជាជនកម្ពុជា បានចេញមកប្រកាស និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជាសេចក្តីថ្លែងការណ៏របស់គណបក្ស ប្រជាជនចុះថ្ងៃទី ០៧ កុម្ភៈ ២០១៩ ដែលត្រូវបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានចែករំលែកដោយលោក សម រង្ស៊ីនៅក្នុងគេហទំព័ររបស់ខ្លួន នៅព្រឹកថ្ងៃទី០៨ កុម្ភៈ ក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជន បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ជនអនាមិក ដែលតាំងខ្លួនថា “អ្នកស្នេហាជាតិក្នុងជួរដឹកនាំគណបក្សប្រជាជន” បានអះអាងថា ខ្លួននឹងដឹកនាំកម្លាំងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជារួមកម្លាំងជាមួយអ្នកសេ្នហាជាតិផ្សេងទៀត ព្រមទាំងអ្នកគាំទ្រអតីតបក្សប្រឆាំងផង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១៩នេះ ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ គណបក្សកាន់អំណាច បានហៅសេចក្តីថ្លែងការណ៍នោះថា ឯកសារក្លែងក្លាយក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កើតសេចក្តីថ្លែងការណ៍នេះ ហើយបានប្រកាសប្តឹងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខអ្នកបង្កើតសេចក្តីថ្លែងការណ៍នេះ យកមកផ្ទន្ទាទោសតាមច្បាប់។

អ្នកនាំពាក្យគណបក្សកាន់អំណាច ឯ.ឧ សុខ ឥសាន បានចាត់ទុកការបង្កើតសេចក្តីថ្លែងការណ៍នេះថា ជាឧបាយកលចាស់គម្រិលរបស់លោកសម រង្ស៊ី ចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ។ ទោះយ៉ាងណាគណបក្សប្រជាជនកម្ពុជាក៏បានប្រកាសដែរថា គណបក្ស មួយនេះគឺនៅតែរឹងមាំ និងមានសាមគ្គិភាពផ្ទៃក្នុងល្អ។ ពិសេសនឹងស្ថិតនៅ ជានិច្ចជាមួយប្រជាជន ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ៕