ប្រជុំ​សភា៖​បក្សប្រឆាំង​រិះគន់​ក្រសួង​ខ្លះ​ចាយលុយ​លើស ខ្លះ​ចាយ​មិន​អស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖តំណាងរាស្ត្របក្ស​សង្គ្រោះជាតិ ពេល​ប្រជុំ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រិះគន់​ក្រសួង​មួយចំនួន ជាពិសេស​ក្រសួងសុខាភិ បាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ថា ចាយ​ថវិកាជាតិ​មិន​អស់ ចំណែក​ក្រសួង​ខ្លះ​បែរជា​ចាយលុយ​លើស ខ​ណះ​តម្រូវការ​របស់​ប្រជា ជន​កម្ពុ​ជាមាន​ច្រើន​។​

​លោក យឹម សុវណ្ណ បាន​ថ្លែង​បែបនេះ​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ ដែល​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​គ្រោះមហន្តរាយ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់ ការគ្រប់ គ្រង​ឆ្នាំ​២០១៣​។​

ក្នុងសម័យ​ប្រជុំ​រដ្ឋសភា លោក យឹម សុវណ្ណ បាន​និយាយថា លោក​ឆ្ងល់​ថា ហេតុអ្វី​បានជា​ការចំណាយ​ថវិកា​សម្រាប់ ក្រសួងសុខាភិបាល​មិន​អស់ គឺ​ចាយ​ត្រឹមតែ​៩៤​ភាគរយ​។ ចំណែក​ក្រសួង​ចំនួន​ពីរ​ទៀត គឺ​ក្រសួង​អប់រំ និង​ក្រសួង​សង្គមកិច្ច​ក៏​ចាយ​ថវិកា​មិន​អស់​ដែរ​។​

​លោក​មានប្រសាសន៍ថា «​ខ្ញុំ​មិនដឹងថា​តើ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួងសុខាភិ បាល​ធ្វើការ​ចំណាយ​ចាយវាយ​យ៉ាងម៉េច​ទេ អត់​មាន​តម្រូវការ ឬមួយ​ក៏​ក្រសួងសុខាភិបាល​អ្វីៗ​មាន​ចប់សព្វគ្រប់​អស់ហើយ​»​។​

លោក សុន ឆ័យ អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ការចំណាយ​របស់​ស្ថាប័ន​ទីស្តីការគណៈរដ្ឋមន្ត្រី​បែរជា​លើស​ទៅវិញ​។ លោក​ថា​«​ក្រសួង​ផ្សេងៗ បាន​លុយ​តិច​ហើយ ចាយ​មិន​អស់​ទៀត​។ ខ្ញុំ​មិនដឹងថា​ចាយ​មិន​អស់​លុយ ឬ​ដោយសារ​រដ្ឋ​មិន​ឲ្យ​លុយ​។ វិស័យ​ចាំបាច់​ចំណាយ​តិច​វិញ ចំណែក​ចំណាយ​ទីស្តីការគណៈរដ្ឋមន្ត្រី ចាយ​លើស​ដល់​ទៅ​១៤០​ភាគរយ​»​។​

បើតាម​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣ ថវិកា​សរុប​ដែល​ត្រូវ​ចំណាយ​មាន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ក្រសួងសុខាភិបាល មាន​ចំនួន​ប្រមាណ​២២៥​លាន​ដុល្លារ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ចំនួន​ប្រមាណ​២៨០​លាន​ដុល្លារ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មាន​ចំនួន​ប្រមាណ​១០៣​លាន​ដុល្លារ​។​

គួររំឭកថា ​រដ្ឋសភា​នឹងបន្ត​ជជែក​ពី​សេចក្តីព្រាងច្បាប់​ស្តីពីការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​សុក្រ​នេះ​បន្ថែម ទៀត៕ សុត្ថារ៉ូ

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ