សហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2019 ក+ ក-

ភ្នំពេញ ៖ សហភាពអឺរ៉ុបបានចេញសេចក្តីប្រកាសស្តីពីការចាប់ផ្ដើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ពីកម្ពុជាហើយ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ ដោយសម្រេចដក EBA អាចនឹងត្រូវធ្វើឡើងប្រសិនបើប្រទេសដែលទទួលផល បរាជ័យក្នុងការគោរពសិទ្ធិជាមូលដ្ឋាន និងសិទ្ធិការងារ។

បើតាមការប្រកាសនេះ បានឲ្យដឹងថា មិនទាន់ដល់ដំណាក់កាលដែលមានការផ្អាកប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុងទេ ប៉ុន្តែជាដំណើរការមួយដែលអាចឈានដល់ការផ្អាកប្រសិនបើគ្មានភាពប្រសើរឡើង លើផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេនោះ។ ដំណាក់កាលនេះស្ថិតក្នុងអ្វីដែលសហភាពអឺរ៉ុបហៅថា «ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងទាមទារឲ្យមានការចូលរួម»។

លោកស្រី Federica Malmstrom ប្រធានគណៈកម្មការអឺរ៉ុប ផ្នែកពាណិជ្ជកម្ម បានថ្លែងថា ក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃនេះ សហភាពអឺរ៉ុប ត្រៀមខ្លួនចូលរួមជាមួយភាគីកម្ពុជា ដើម្បីរកដំណោះស្រាយទៅមុខទៀត។ លោកស្រីបានពន្យល់ថា សហភាពអឺរ៉ុប ផ្ដល់ភាពអនុគ្រោះពន្ធ ដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសដែលទទួលបាន EBA នេះ មានសេដ្ឋកិច្ចរីកចម្រើន។ ប៉ុន្តែក្នុងការផ្ដល់នេះ ទាមទារឲ្យប្រទេសដែលទទួលបានប្រព័ន្ធនេះ គោរពគោលការណ៍ចម្បងមួយចំនួន។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃនេះទៅមានរយៈពេល ៦ ខែ សម្រាប់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដើម្បីពិភាក្សាជាមួយភាគីកម្ពុជា។ បន្ទាប់មក មានរយៈពេល ៣ ខែទៀត ដែលសហភាពអឺរ៉ុបត្រូវចំណាយលើការរៀបចំរបាយការណ៍។ គណៈកម្មការអឺរ៉ុប នឹងសម្រេចក្នុងរយៈពេល ១២ ខែគិតចាប់ពីថ្ងៃម្សិលមិញតទៅថា តើត្រូវផ្អាក EBA ឬអត់ រួមទាំងការសម្រេចថា ការផ្អាកនោះស្ថិតក្នុងទំហំប៉ុនណាឬរយៈពេលយូរប៉ុនណា។

ទោះយ៉ាងណា ការផ្អាកជាផ្លូវការ ឬការចាប់ផ្ដើមយកពន្ធពីកម្ពុជា អាចចាប់ផ្ដើមនៅ ៦ខែក្រោយការសម្រេច ឬ ១៨ ខែ គិតចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញនេះ៕