ព្រឹក​នេះនឹង​អនុម័ត​លើ​សេចក្តីព្រាង ច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សមាគម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2015 ក+ ក-

​ភ្នំពេញ​៖ ទោះបី​ជាមាន​ការមិន​ពេញចិត្ត​ចំណុច​ខ្លះ​នៅក្នុង​សេចក្តីព្រាង ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម ពី​សំណាក់​សង្គម​ស៊ីវិល​និង​តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា​នោះ​ក្តី ក៏​កិច្ចពិភាក្សា និង​អនុម័ត​បាន​បន្ត​តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា​ចុង​សប្តាហ៍​នេះ ។​

​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ការគ្រប់គ្រង​សមាគម អង្គការក្រៅរដ្ឋាភិបាល​ទៅតាម​ការគ្រោងទុក​។​

​លោក ផៃ ស៊ី​ផាន បានបង្ហាញ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ព្រឹក​ថ្ងៃនេះ​ដែរ​ថា ច្បាប់​នេះ មាន​គោលបំណង​ធានា​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន និង​ការពារ​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​សមាគម និង​អង្គការ មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ​។​

​ក្នុង​មាត្រា ២ ក៏បាន​កំណត់ថា ច្បាប់​នេះ មាន​គោលដៅ​កំណត់​បែបបទ​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​កំណត់​ទំនាក់ទំនង​រវាង​សមាគម និង​/​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ ដើម្បី​អភិវឌ្ឍ​សង្គម​កម្ពុជា​។ រីឯ​មាត្រា ៣ កំណត់ថា ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​មានប​ទប្ប​ញ្ញត្តិ​ច្បាប់​ដោយឡែក ដែល​ចែង​ផ្សេង​ពីនេះ​។​

​គួរ​ជម្រាប​ថា សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ ត្រូវបាន​អង្គការ​សមាគម​មួយចំនួន​និង​តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា បង្ហាញ​ក្តីបារម្ភ​លើ​ការ​រឹតត្បិត​សេរីភាព​របស់​ពួកគេ​។ អង្គការ​សមាគម បានទាមទារ​ឲ្យ​មានការ​បើកចំហរ បង្ហាញ​សេចក្តីព្រាងច្បាប់​នោះ ហើយ​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​មុននឹង​អនុម័ត ប៉ុន្តែ​រដ្ឋាភិបាល​បាន​អះអាងថា កន្លងមក​បានដាក់​ឲ្យ​មានការ​ពិភាក្សា​ច្រើនលើកច្រើនសា​រួចមកហើយ​៕poiu