អ្នកកាសែត ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន១យប់ ក្រោយចុះយកព័ត៌មានពីរណ្ដៅដីនៅខេត្តកណ្ដាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2019 ក+ ក-

ខេត្តកណ្តាល ៖ អ្នកសារព័តមានចំនួន ៣នាក់  ​នៅអង្គភាពផ្សេងគ្នា ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន១យប់ ទៅតាមបណ្តឹងរបស់ឈ្មួញរកស៊ីដឹកដីម្នាក់កាលពីថ្ងៃម្សិលមិញនេះ។កាតអ្នកកាសែតទាំងបីនាក់ ដែលមានទំនាស់ជាមួយឈ្មួញរកស៊ីដីម្នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោក តាក់ ជីឡៅ បានរៀបរាប់ក្នុងបណ្ដឹងនោះថា៖ «ជនសង្ស័យទាំងបីនាក់ បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើល ដោយប្រើមធ្យោបាយយកឡានមកបាំងមុខផ្លូវចេញចូល បណ្តាលឲ្យមានការរាំងស្ទះផ្លូវ ហើយជនសង្ស័យក៏និយាយបង្ខិតបង្ខំ និងគំរាមកូនចៅខ្ញុំ ឲ្យប្រគល់លុយចំនួន៥០០០ដុល្លារ»។

អធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង ប្រាប់ វីអូឌី យ៉ាងខ្លីថា ក្រោយទទួលបានពាក្យបណ្តឹងនេះ សម្ថកិច្ចរបស់លោកបានចុះទៅឃាត់ខ្លួនជនទាំង ៣នាក់នោះភ្លាម កាលពីម្សិលមិញ ដើម្បីសួរនាំ ប៉ុន្តែ បានដោះលែងវិញហើយនៅព្រឹកថ្ងៃនេះ បន្ទាប់ពីសួរនាំរួច។
លោក មាន សំណាង បន្ថែមថា៖ «បាទ ខាងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកសួរ តែឥលូវដោះលែងទៅវិញអស់ហើយ។ ចង់ដឹងលម្អិតមកជួបខ្ញុំនៅកន្លែងមក ខ្ញុំរវល់តិច»។

បើតាមបណ្តឹង អ្នកសារព័ត៌មានទាំង ៣នាក់នោះ រួមមានលោក អួន មិនា ជាអ្នកយកព័ត៌ឲ្យសារព័ត៌មានខេមរអង្គរ លោក ទន់ ម៉ូវ អ្នកយកព័ត៌មានឲ្យសារព័ត៌មានខ្មែរណូត និងលោក ធួក សំណាង អ្នកយកព័ត៌មានឲ្យសារព័ត៌មានកំពតដេលី។ អ្នកទាំង ៣នាក់នេះ ត្រូវបានដើមបណ្តឹងប្តឹងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។ មិនអាចសុំការបញ្ជាក់ពីអ្នកសារព័ត៌មានទាំង ៣នាក់បានទេជុំវិញករណីនេះ។
បើតាមរបាយការណ៍នគរបាលស្រុកអង្គស្នួល អ្នកសារព័ត៌មានទាំង ៣រូបនោះ បានច្រានចោលការចោទប្រកាន់របស់ដើមបណ្តឹង ដោយថា ពួកគេមិនបានយករថយន្តបិទផ្លូវ និងគំរាមយកលុយនោះឡើយ។

អ្នកកាសែតទាំង ៣នាក់នោះ បញ្ជាក់ក្នុងរបាយការណ៍ថា ពួកគេគ្រាន់តែចូលទៅយកព័ត៌មាននៅកន្លែងរណ្តៅដ៏ជ្រៅមួយដែលលោក តាក់ ជីឡៅ ជីកជ្រៅហួសគោលការណ៍ ដើម្បីយកមកផ្សព្វផ្សាយតែប៉ុណ្ណោះ។

កាលចុងខែមករាកន្លងមកនេះ អ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព លោក ស៊ីម ឈីវឈានពិសិដ្ឋ បានរងអំពើហិង្សាពីសមាជិកសហគមន៍ ខណៈលោកចុះទៅយកព័ត៌មានពាក់ព័ន្ធការឈូសបំផ្លាញព្រៃលិចទឹកជុំវិញបឹងពារាំងក្នុងខេត្តសៀមរាប។ កាលពីថ្ងៃទី៣ ខែកុម្ភៈនេះ ទីភ្នាក់ងារព័ត៌មានម្នាក់នៅកាសែតបាត់ដំបងប៉ុស្តិ៍ ត្រូវបានជនមួយក្រុមវាយសម្លាប់នៅខេត្តក្រចេះ អំឡុងពេលវិលត្រឡប់ពីរាំធុងបាស់ក្នុងភូមិជាមួយមិត្តភ័ក្រ។

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឲ្យដឹងថា អ្នកសារព័ត៌មាននៅកម្ពុជាយ៉ាងតិចចំនួន ១៤នាក់ ត្រូវបានគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ១៤នាក់នោះ មាន ៥នាក់ជាអ្នកដែលសរសេររិះគន់បក្សកាន់អំណាច ចំណែក ៧នាក់ទៀតបានធ្វើការស៊ើបអង្កេត និងរាយការណ៍អំពីអំពើពុករលួយពាក់ព័ន្ធនឹងបុគ្គលជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា៕ ប្រភព ៖ VOD