សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យដៃគូចេញមកប្រកួតបន្តកុំរត់ចោលទីលាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកុម្ភៈ នេះ បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដោយរៀបរាប់ពីល្បិចក​លរបស់មិត្តភ័ក្តិ ដែលបានលេងកីឡាវាយកូនហ្គោលជាមួយ តែបានគេចវេសមិនគោរពតាមការភ្នាល់។

ទោះបីជាសម្តេចមិនបាននិយាយចំឈ្មោះក្តី ក៏សារខ្លីដែលបង្ហោះចេញពីទីលានវាលកូនហ្គោល នាពេលនេះ ត្រូវបានគេមើលឃើញថា ជាសារមួយបញ្ឆិតបញ្ឆៀងទៅកាន់លោក សម រង្ស៊ី ដែលធ្លាប់បបួលសម្តេចភ្នាល់គ្នា ពីរឿងសេរីភាពរបស់លោក កឹម សុខា ដែលកំពុងជាប់ឃុំ ហើយថានឹងត្រូវដោះលែងនៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។

សំណេររបស់សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា «ថ្ងៃនេះ វាយកូនគោលទៀតហើយ ដើម្បីសុខភាពផង និងការកម្សាន្តចុងសប្តាហ៍ផង។ តែថ្ងៃនេះ ដៃគូរប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ លេងខូចខ្លាំងណាស់ គាត់វាយបាល់ធ្លាក់ទឹក គេមើលឃើញគ្រប់គ្នា គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។ ពេលនេះគាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថា គាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្ត ណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត»។

លោក សម រង្ស៊ី ធ្លាប់បបួលសម្តែចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ករណីដោះលែងលោក កឹម សុខា ថា បើសិនជាសម្តេច ហ៊ុន សែន ភ្នាល់ចាញ់គឺសុំឲ្យ ចុះចេញពីតំណែង ដោយមិនចាំបាច់កាត់ ក ខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់កាប់ព្រៃឈើនោះទេ។ ប៉ុន្តែបើលោកចាញ់(សម រង្ស៊ី) គឺលោកសុខចិត្តដើរចូលឲ្យចាប់ខ្លួន យកទៅឃុំទន្ទឹមជាមួយលោកកឹម សុខា។

គួររំលឹកថា លោក សម រង្ស៊ី ធ្លាប់បានយកសេរីភាពរបស់លោក កឹម សុខា ដាក់ភ្នាល់ជាមួយសម្តេច ហ៊ុន សែន ថា លោក កឹម សុខា នឹងត្រូវដោះលែង នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ ឬយ៉ាងយូរបំផុត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ហើយគិតត្រឹមថ្ងៃទី១៦ កម្ភៈ នេះ គឺនៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ដែលត្រូវបញ្ចប់ឱសានវាទនៃការភ្នាល់ ។ សូមរង់ចាំមើលទាំងអស់គ្នាថា តើម្តងនេះ លោក សម រង្ស៊ី នឹងគោរពតាមការភ្នាល់របស់ខ្លួនដែរ ឬទេ? ៕