លោក សម រង្ស៊ី ប្រកាសលទ្ធផលភ្នាល់មុនឱសានវាទថា មិនវិលចូល​កម្ពុជាទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2019 ក+ ក-

ភ្នំពេញ ៖ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានប្រកាសជំហរមិនវិលត្រឡប់ចូលមកកម្ពុជា ទៅតាមការភ្នាល់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ខណៈដែលឱសានវាទនៃការភ្នាល់នៅសល់តែជាង១០ទៀតប៉ុណ្ណោះ។

លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នូវបទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី ដោយបានបង្ហាញជំហរថា ការចូលមកកម្ពុជា គឺត្រូវធ្វើទៅតាមកាលៈទេសៈ។

លោក សម រង្ស៊ី បានលើកឡើងថា ការចូលទៅស្លាប់ គឺបានត្រឹមតែឈ្មោះវីរបុរសប៉ុណ្ណោះ ប៉ុន្តែវាគ្មានប្រសិទ្ធភាពក្នុងការជួយជាតិទេ។ លោកបានលើកឧទាហរណ៍ថា សម្ដេចព្រះ នរោត្តម សីហនុ ក្រោយពីរដ្ឋប្រហារ ព្រះអង្គមិនបានចូលមកកម្ពុជា ឲ្យមានការចាប់ខ្លួនទេ គឺព្រះអង្គចេះគេចខ្លួនមួយរយៈពេល ដល់កាលៈទេសៈអំណោយផលដល់ស្ថានការណ៍ទុំល្អ ទើបវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារបញ្ឆិតបញ្ឆៀងមួយកាលពីសប្តាហ៍មុននេះ  ដែលបើទោះបីជាមិនបានបញ្ចេញចំឈ្មោះអ្នកណាម្នាក់ក្តី ប៉ុន្តែគេគិតថា គឺសំដៅទៅលើលោក សម រង្ស៊ី ដែលគេចវេសពីការភ្នាល់របស់លោក។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា ដៃគូប្រកួតវាយកូនគោលជាមួយសម្តេច លេងខូចខ្លាំង គឺវាយបាល់ធ្លាក់ទឹកដែលមនុស្សបានឃើញគ្រប់គ្នា ប៉ុន្តែដៃគូរបស់លោក បែរជាយកបាល់ថ្មីមកវាយ ដោយមិនខ្វល់ពីបាល់ពិន័យ។

សម្តេចសរសេរបន្តថា «ពេលនេះ គាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វាររត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសម្ដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត»។

សូមរំលឹកថា លោក សម រង្ស៊ី កាលពីខែវិច្ឆិកា បានបបួលនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ដោយដាក់លក្ខខណ្ឌថា លោក កឹម សុខា នឹងត្រូវដោះលែងនៅពេលជាប់ឃុំបាន ១៨ខែ គឺមិនលើសពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ នេះទេ។ លោក សម រង្ស៊ី  ថា បើសិនជាសម្តេច ហ៊ុន សែន ភ្នាល់ចាញ់គឺសុំឲ្យ ចុះចេញពីតំណែង ដោយមិនចាំបាច់កាត់ ក ខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់កាប់ព្រៃឈើនោះទេ។ ប៉ុន្តែបើលោកចាញ់(សម រង្ស៊ី) គឺលោកសុខចិត្តដើរចូលឲ្យចាប់ខ្លួន យកទៅឃុំទន្ទឹមជាមួយលោក កឹម សុខា​។

សរុបមកវិញ លទ្ធផលនៃការភ្នាល់រវាងលោក សម រង្ស៊ី ជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក សម រង្ស៊ី ប្រកាសជាឯកតោភាគីមុនកាលបរិច្ឆេទ ថា លោកនឹងមិនវិលត្រឡបចូលមកកម្ពុជាវីញទេ ។ លោក សម រង្សី លើកហេតុផលថា ការចូលទៅស្លាប់ គឺបានត្រឹមតែឈ្មោះវីរបុរសប៉ុណ្ណោះ ប៉ុន្តែវាគ្មានប្រសិទ្ធភាពក្នុងការជួយជាតិទេ៕