ពលរដ្ឋបន្តសម្រុកទៅចាក់វ៉ាកសាំងបង្ការជំងឺឆ្កែឆ្កួត ក្រោយមានកុមារីម្នាក់ស្លាប់ដោយជំងឺនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2019 ក+ ក-

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងអះអាងថា បន្ទាប់ពីមានករណីឆ្មាក្រញៅ បណ្តាលឲ្យមានជំងឺឆ្កែឆ្កួត រហូតធ្វើឲ្យកុមារីម្នាក់ស្លាប់ នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកាន់តែមាន ការយល់ដឹងខ្ពស់ ទើបសម្រុកមកចាក់វ៉ាក់សាំង ដើម្បីការពារបង្ការទុកមុន ។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០៩ ប្រជាពលរដ្ឋ រស់តាមបណ្តាខេត្តនានា យ៉ាងច្រើនកុះករ បាននាំគ្នាសម្រុក មកចាក់ថ្នាំបង្ការ នៅវិទ្យាស្ថានប៉ាស្ទ័រ-កម្ពុជា រាជធានីភ្នំពេញ ដើម្បីបង្ការខ្លាចមានមេរោគឆ្លងនានា ជាពិសេស ក្រោយក្មេងស្រីម្នាក់អាយុ១១ឆ្នាំ បានរងគ្រោះរហូតដល់ស្លាប់ ដោយសារត្រូវសត្វឆ្មាក្រញៅ កាលពីសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយព័ត៌មាន កន្លងទៅនេះ។

លោកស្រី ឱ វណ្ណឌីន បាន ថា កាលដែលប្រជាពលរដ្ឋ បានទៅស្វែងរកការចាក់ថ្នាំបង្ការ ជំងឺឆ្កែ ឆ្កួត ឬឆ្មាខាំនេះ គឺជាវិធានការ នៃការការពារដ៏ប្រសើរ ជាងការព្យាបាល និងជាកិច្ចការពារ ទៅតាមលក្ខណៈបច្ចេកទេស ដែលត្រូវតែចាក់វ៉ាក់សាំង ការពារជាចាំបាច់បំផុត។

លោកស្រីបន្តថា “ប្រជាពលរដ្ឋសព្វថ្ងៃ មានការយល់ដឹងខ្ពស់ ក៏ដូចជាមានភ្ញាក់រលឹក និងជាការស្ម័គ្រចិត្ត របស់ប្រជាពលរដ្ឋ ហើយដូចជាការយល់ដឹង ការការពារជំងឺ របស់ប្រជាពលរដ្ឋ”៕