វិនិយោគិនក្នុងស្រុកចាប់ផ្តើមសាងសង់កំពង់ផែ (អ៊ូទូក) ខ្នាតធំមួយ នៅស្រុកស្ទឺងហាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2019 ក+ ក-

ព្រះក្រុងព្រះសីហនុ ៖ កំពង់ផែខ្នាតធំមួយថ្មី នឹងត្រូវសាងសង់ឡើងដោយអាជ្ញាធរមូលដ្ឋាននៃខេត្តព្រះសីហនុ និងម្ចាស់កំពង់ផែចតទូក និងជួសជុលទូក បានព្រមព្រៀងគ្នាសាងសង់សម្រាប់ចតទូកនេសាទរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។

អ្នកនាំពាក្យខេត្ដព្រះសីហនុ លោក ឱ សារឿន បានបញ្ជាក់ថា ក្នុងខេត្ដព្រះសីហនុ នៅមិនទាន់មានកំពង់ផែចតទូក ឬអ៊ូទូក (កន្លែងជួសជុលទូក) ខ្នាតធំនៅឡើយទេ ដូច្នេះការអភិវឌ្ឍកំពង់ផែ អ៊ូទូក នេះ គឺជាតម្រូវចាំបាច់របស់ខេត្ដ។

លោក ឱ សារឿន បន្តថា៖ «យើងមិនមានជំទាស់រឿងនេះទេ ព្រោះវាខ្វះមែនប៉ុន្ដែអ្វីដែលយើងមើលឃើញថា មានបញ្ហានោះ គឺក្រុមហ៊ុនគាត់មានការយឺតយ៉ាវធ្វើច្បាប់ទម្លាប់ឲ្យបានពេញលេញ។ អាជ្ញាធរខេត្ដគឺគាំទ្រ ក្នុងរឿងត្រង់ថា គាត់មានគំនិត និងបោះទុនសម្រាប់ការវិនិយោគ ក៏ដូចជាការពង្រីក កំពង់ផែអ៊ូទូក ឲ្យវាមានភាពទំនើប ដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ»។

គួរជម្រាបថា នាពេលកន្លងមក ទូកនេសាទធំៗ មួយចំនួន នៅពេលខូចម្តងៗ ត្រូវបញ្ជូនទៅជួសជុលនៅប្រទេសជិតខាង ដូចជាប្រទេស ថៃ និងវៀតណាម តែបើសិនជា គម្រោងសាងសង់កំពុងផែខ្នាតធំ (អ៊ូទូក) នៅស្រុកស្ទឺងហាវ បានដូចការគ្រោងទុកមែននោះ ប្រជានេសាទនឹងលែងមានកង្វល់ក្នុងរឿងនេះទៀតហើយ ម៉្យាងទៀត ព្រោះថា ការជួសជុលនៅបរទេសមានតម្លៃខ្ពស់ណាស់៕