គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្តាស្ទឹង បានចាប់ផ្តើមហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2019 ក+ ក-

ភ្នំពេញ ៖ គណៈកម្មការមួយ ត្រូវបានបង្កតឡើងដើម្បីដំណើរការរៀបចំទីតាំងគម្រោង សាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងធ្វើឡើង នៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាពេលឆាប់ៗនេះ។ គណៈកម្មកានេះ ត្រូវបានប្រកាសតាមរយៈសេចក្តីសម្រេចជាផ្លូវការ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីដើមសប្តាហ៍នេះ។

យោងតាមសេចក្តីសម្រេច បានបញ្ជាក់ពីរចនាសម្ព័ន្ធរបស់គណៈកម្មការរៀបចំទីតាំង គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ដែលដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន និងសមាជិកចំនួន២១រូបផ្សេងទៀត។

សូមជម្រាបថា គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២.៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា “ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឬ Cambodia Airport Investment” ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន ៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១.៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១.១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC និង ២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី ៕ គួរបញ្ជាក់ថា គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនេះ នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអាចប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ៕