ចៅក្រមវេណេស៊ុយអេឡា ថា មេបក្សប្រឆាំងប្រឈមជាប់ពន្ធនាគារ៣០ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2019 ក+ ក-

ការ៉ាកាស់ ៖ លោក ជូអាន ហ្គៃដូ (Juan Guaido) មេដឹកនាំគណបក្សប្រឆាំងនៅវេណេស៊ុយអេឡា គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានប្រកាសតែងតាំងខ្លួនឯងជា ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ បើលោកហ៊ានចូលមកក្នុងវេណេស៊ុយអេឡាវិញ។

ចៅក្រមតុលាការកំពូលវេណេស៊ុយអេឡា លោក ជូអាន ខាឡូស វ៉ាល់ឌែស (Juan Carlos Valdez) បានធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ និងយោងទៅតាមការសម្រេចចិត្តពីតុលាការកំពូល ដែលហាមលោក Guaido ចាកចេញពីប្រទេស ប៉ុន្តែមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបង្ខំដឹកនាំជំនួយអាមេរិកឲ្យចូលក្នុងប្រទេស និង លោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) និងមេដឹកនាំនៅក្នុងតំបន់ជាច្រើនទៀត ក្នុងគោលបំណងស្វែងរកការដាក់សម្ពាធ និងទណ្ឌកម្មរហូតដល់លោក ម៉ាឌូរ៉ូ ព្រមចុះចេញពីតំណែង៕