កម្ពុជា មិនទាន់រកឃើញមានជំងឺគ្រុនជ្រូកអាហ្វ្រិក ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2019 ក+ ក-

ភ្នំពេញ ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិត កម្មសត្វ នៃ ក្រសួងកសិកម្ម បានអះអាងយ៉ាងច្បាស់ថា មិនទាន់រកឃើញមានករណីជំងឺគ្រុនជ្រូកអាហ្វ្រិក នៅកម្ពុជាទេ ហើយមន្ត្រីពាក់ព័ន្ធ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រួមទាំងវិធានការជីវសុវត្ថិភាព ពោលគឺពិនិត្យសុខភាព សត្វដែលត្រូវនាំចូលពីប្រទេសជិតខាងមិនធ្វេសប្រហែសឡើយ ហេតុនេះសូមសាធារណជន ជាពិសេសកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក កុំព្រួយបារម្ភអំពីជំងឺគ្រុនជ្រូកអាហ្វ្រិក នោះឡើយ។

ការប្រកាសរបស់មន្ត្រីជំនាញ ដោយសារនៅពេលថ្មីៗនេះ ត្រូវបានរកឃើញវត្តមានជំងឺគ្រុនជ្រូក ១ ប្រភេទ ដែលគេឱ្យឈ្មោះថា ជំងឺគ្រុនជ្រូកអាហ្វ្រិក បានឆ្លងចេញពីប្រទេសចិន រីករាលដាលចូលដល់ភាគខាងជើងនៃប្រទេសវៀតណាម ដែលនៅទីនោះ សត្វជ្រូកក្នុងកសិដ្ឋានយ៉ាងហោចចំនួន៣ ត្រូវបានសម្លាប់ចោលទាំងអស់។ ដោយហេតុថា ជំងឺគ្រុនជ្រូកអាហ្វ្រិក បានចូលដល់ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជា ហើយមានទំនាក់ទំនងគ្នាយ៉ាងច្រើនក្នុងនាំសត្វជ្រូកចេញចូលទៀតនោះ ទើបបណ្តាលឱ្យអ្នកប្រករបរចិញ្ចឹមជ្រូកនៅកម្ពុជា បារម្ភ ។

ចំណែកលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល នៃ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សមាគម កំពុងធ្វើការតាមដានជាមួយអគ្គនាយកដ្ឋានសុខភាពសត្វយ៉ាងយកចិត្តទុកដាក់ និងបានក្រើនរំឭកដល់កសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នជួយតាមដាន និងបង្ការទាំងអស់គ្នា៕