ខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ៣ថ្ងៃ នៅឆ្នេរឯករាជ្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2019 ក+ ក-

ក្រុងព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ នឹងបើកព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រដើម្បីចូលរួមអសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរចាប់ពីនៅថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រៀមរៀបចំសង្ក្រាន្តសមុទ្ររយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី កិច្ចប្រជុំ នេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក គង់ វិតាណ អភិបាលរងខេត្តព្រះសីហនុ និង លោកស្រី ខែក ខេមរ៉ាត អគ្គនាយក BLUE MEDIA CAMBODIA ។

លោក គង់ វិតាណ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រប្រចាំឆ្នាំ២០ ១៩ ក្នុងបរិវេណឆ្នេរឯករាជ្យបង្កើតឡើងក្នុងគោលបំណង បង្កលក្ខណៈជួបជុំបង្កើតការសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ-អន្តរជាតិនៅតាមទីតាំងទេសចរណ៍សំខាន់ៗរបស់ខេត្ត ដើម្បីទាក់ទាញអប់រំ និងបំផុសស្មារតីដល់ពលរដ្ឋចូលរួមលេងកម្សាន្តសង្ក្រាន្តសមុទ្រនៅឆ្នេរឯករាជ្យផងដែរ។

លោកស្រី ខែក ខេមរ៉ាត អគ្គនាយក BLUE MEDIA ថ្លែងថា កម្មវិធីសង្ក្រាន្តសមុទ្រ នឹងធ្វើឡើងនៅសួនច្បារឆ្នេរឯករាជ្យ ដោយមានកម្មវិធីដូចជា ចុចប៊ូតុងប្រកាសបើកកម្មវិធី ការសម្តែងសិល្បៈ លេងល្បែងប្រជាប្រិយខ្មែរដែលពេញនិយម ការប្រគុំតន្ត្រីខ្នាតធំ ស្តង់ពិព័រណ៍ទេសចរណ៍ ស្តង់ពិពណ៍ពាណិជ្ជកម្មប្រមាណជា ៣០០ស្តង់ ។ដោយឡែក កីឡានានានឹងធ្វើនៅលើឆ្នេរខ្សាច់ និងលើសួនច្បារព្រមទាំងមានកម្មវិធីបង្ហោះគោម បណ្តែតគោមទឹក និងការបាញ់កាំជ្រួចទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត៕