គម្រោង​សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកនៅចុងខែនេះ ​បញ្ចប់នៅឆ្នាំ២០២២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2019 ក+ ក-

ភ្នំពេញ ៖ ផ្លូវល្បឿនលឿន (Express way) ពីភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការស្ថាបនានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តទៅ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ។ នេះបើយោងតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០,៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ១០ ស.ម ផ្សំដោយថ្មលាយកៅស៊ូ (ATB) ១២ ស.ម ។ ពង្រីកទទឺងផ្លូវដល់ ២៤,៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ ឬមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់ រយៈពេលសាងសង់៤៨ខែ នីងគ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៩.០០លានដុល្លាអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូនឆ្នាំ ២០១៨ និង ទិសដៅការងារ ឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះថា អ្នកបច្ចេកទេស-វិស្វកម្មចិន ប្រហែល២០០នាក់ បានមកដល់កម្ពុជាហើយ ដើម្បីត្រៀមបើកការដ្ឋានផ្លូវល្បឿនលឿននេះ។ ផ្លូវល្បឿនលឿននេះ ដែលសាងសង់ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវ ឆ្លងកាត់ រាជធានី ខេត្តចំនួន៤ គឺមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង ១១០ភូមិ។ ផ្លូវល្បៀនលឿននេះ ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវរថយន្ត (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ ព្រមទាំងមានស្ពាន ៨៩កន្លែង។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់បាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជា វៀតណាម ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង ផងដែរ។

គួរអោយកត់សម្គាល់ដែរថា បច្ចុប្បន្នផ្លូវជាតិលេខ៤ បានដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ហើយបន្ទាប់ពីបញ្ចប់ការសាងសង់រួចផ្លូវល្បឿនលឿននេះនឹងកាន់តែជួយសម្រួលដល់ចរន្តដឹកជញ្ជូនទំនិញ និងការធ្វើដំណើរទូទៅឲ្យកាន់តែមានភាពងាយស្រួល។

ពាក់ព័ន្ធនឹងវិស័យទេចរណ៍ នឹងជំរុញញកំណើនអ្នកទស្សនានៅក្នុងខេត្តព្រះសីហនុ បន្ថែមទៀត។ លើសពីនេះទៀត វិស័យអចលនទ្រព្យ នៅតាមបណ្តោយផ្លូវ ជាតិថ្មីនេះ នឹងកាន់តែរីកចម្រើន ពិសេសកំណើននៃការវិនិយោគនៅក្នុងខេត្តព្រះសីហនុ៕