លោក ជា ប៉ូច ត្រូវ​សកម្មជន​សុំ​ដក​ចេញពី​ប្រធាន​ក្រុមការងារ​បក្ស​ខេត្តកំពត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2015 ក+ ក-

​កំពត​៖ លោក ជា ប៉ូច ប្រធាន​ក្រុមការ ងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្តកំពត​កាលពី​ថ្ងៃទី​៣០ ឧសភា ត្រូវ​សកម្មជន សកម្ម​នារី នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ខេត្តកំពត ដាក់​ញត្តិ​ជូនទៅ​លោក សម រង្សី ប្រធាន​គណបក្ស និង​លោក កឹម សុខា អនុប្រធាន​គណបក្ស សុំ​ដក​ចេញពី​ប្រធាន​ក្រុមការងារ​ដោយសារ​លោក ជា ប៉ូច ប្រើ​ទង្វើ​ន​ផ្តាច់ការ​។​

​នៅក្នុង​លិខិត​ដាក់​ទៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បញ្ជាក់ថា ការដឹកនាំ​របស់លោក ជា ប៉ូច មាន​ភាព​ផ្តាច់ការ អញ​និយម អសីលធម៌ បក្ខពួកនិយម ចរិត​កោងកាច ជេរប្រមាថ​សកម្មជន​ថ្នាក់មូលដ្ឋាន មិន​ថា​ចាស់​មិន​ថា​ក្មេង ដែល​ទង្វើ​ទាំងអស់នេះ ប្រាស់ចាក​នូវ​ក្រមសីលធម៌​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង​។ ធាតុ​ផ្សំ​ទាំងនេះ បាន​បង្ខំ​ឲ្យ​សកម្មជន គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​ព្រះសង្ឃ ព្រមទាំង​បញ្ញវន្ត​អស់ជំនឿ និង​សេចក្តីទុកចិត្ត​ទៅលើ​បុគ្គល​ផ្តាច់ការ និង​អសីលធម៌​រូបនេះ​ទៀតហើយ​។​

​កត្តា​ទាំងអស់នេះ អាច​បង្ខំចិត្ត​ជំរុញ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​បក្ស​ជាក់ ជាមិនខាន ប្រសិនបើ​លោក​ប្រធាន និង​លោក​អនុប្រធាន​ទុក្ខ​ឲ្យ​បុគ្គល​រូបនេះ បន្ត​ដឹកនាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពត​បន្តទៀត ពួកយើង​ជឿជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដួលរលំ​ភីង ធ្លាក់​ដល់​ចំណុចសូន្យ​ដឺ​ក្រេ នៅ​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ មិនខានឡើយ​។ ពីព្រោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​នៅលើ​ទឹកដី​ខេត្តកំពត មិនអាច​ទទួលយក​អ្នកដឹកនាំ ដែល​តាំងខ្លួន​ជា​អធិរាជ​ផ្តាច់ការ​បាន​នោះទេ​។​

​ជាមួយគ្នានេះ សកម្មជន​ក៏បាន​សំណូមពរ ២​ចំណុច​ដល់​លោក សម រង្ស៊ី និង​លោក កឹម សុខា គឺ​ទី​១-​សុំ​ដក​លោក ជា ប៉ូច ជាបន្ទាន់ ទី​២-​សុំ​ឲ្យ​សើរើ​សមាសភាព​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្រុក​ឡើងវិញ ចៀសវាង​កើត​ហានិភ័យ​ដល់​គណបក្ស​។​

ទាក់ទង​ករណីនេះ នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅឡើយ​ទេ​៕dcfgploku