កម្ពុជា ស្នើភាគីឡាវ ការពារតាមផ្លូវច្បាប់ចំពោះអ្នកវិនិយោគកម្ពុជា ដែលកំពុងនៅឡាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2019 ក+ ក-

ភ្នំពេញ ៖ តាមរយៈជំនួបសវនាការជាមួយ លោក សាយថុង កែវឌួងឌី ប្រធានគណៈកម្មការ នីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា បានស្នើឱ្យភាគីឡាវការពារតាមផ្លូវច្បាប់ចំពោះអ្នកវិនិយោគកម្ពុជា ដែលកំពុង រកទទួលទាននៅប្រទេសឡាវ ព្រមទាំងបានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងរដ្ឋសភាប្រទេស ទាំងពីរ ដែលបានសហការគ្នាយ៉ាងល្អទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។

ក្នុងជំនួបនេះ អនុប្រធានទី១ រដ្ឋសភាកម្ពុជា បានជម្រាបជូនប្រធានគណៈកម្មការ នីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា រដ្ឋសភាកម្ពុជាបច្ចុប្បន្នគឺ ស្ថិតក្នុងនីតិកាលទី៦ ដែលមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់២០២៣។ រដ្ឋសភានីតិកាល ទី៦នេះកើតចេញពីការបោះឆ្នោតសកលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានសមាជិកសរុបចំនួន ១២៥រូប ក្នុងនោះមានស្ត្រីចំនួន ២៥រូប។ លោកបណ្ឌិត ងួន ញ៉ិល ថាគិតចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាអនុម័តច្បាប់បានចំនួន ៥២៣ច្បាប់ ដើម្បីបំរើផលប្រយោជន៍ប្រទេសជាតិ និងប្រជា ជន។

ក្នុងជំនួបនេះ ប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ឯកឧត្តម សាយថុង កែវឌួងឌី បានជម្រាបជូនលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាកម្ពុជាថា ដំណើរមកកាន់កម្ពុជារបស់លោក និងគណៈប្រតិភូនា ពេលនេះគឺដើម្បីមកសិក្សាស្វែងយល់ និងរៀនសូត្រពីគណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋ សភាកម្ពុជាអំពីកិច្ចការច្បាប់។ ជាមួយគ្នានេះឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះ ដំណើរការរដ្ឋសភាកម្ពុជា និងបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងព្រះ រាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅលើគ្រប់វិស័យ ហើយដែលទំនាក់ទំនងនេះបានរីកធំធាត់ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទំនាក់ទំនង រវាងកម្ពុជា ឡាវ មានជាយូរយាណាស់មកហើយ៕