សម្តេច ហ៊ុន សែន ប្តឹង សម រង្ស៊ី ទារជំងឺចិត្ត២លានដុល្លាររឿងប្រមាថតាមហ្វេសប៊ុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2019 ក+ ក-

ខេត្តកោះកុង ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងធ្វើការប្តឹងទៅពួកអ្នកដែលបានជេរប្រមាថសម្តេចតាមហ្វេសប៊ុក ដោយទារជាទឹកប្រាក់សំណងចំនួន២លានដុល្លារ ហើយលុយដែលឈ្នះក្តីនេះ នឹងយកទៅជួយដល់កុមារកំព្រា។

សម្តេចបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមេធាវីត្រៀមប្ដឹងអ្នកជេរប្រមាថខ្លួននៅក្រៅប្រទេស ដែលគេដឹងថា សំដៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

សម្តេចតេជោបានបញ្ជាក់ថា« ខ្ញុំកំពុងតែឱ្យមេធាវីរបស់ខ្ញុំសិក្សាហើយអំពីផ្លូវច្បាប់ដើម្បីប្តឹងពួកអាជេរប្រមាថខ្ញុំតាមហ្វេសបុក។ ដើម្បីឱ្យពួកដែលកំពុងនៅក្រៅប្រទេសបានដឹង ព្រោះថាពួកវាមានទ្រព្យសម្បត្តិនៅក្នុងប្រទេស ។ សម្តេចបន្តថា ប្រសិនសម្តេចឈ្នះក្តី សម្តេចទារ ២ លានដុល្លារ បើមិនមានលុយឱ្យទេ លក់ឡាយឡុងទ្រព្យសម្បត្តិអ្នកឯងយកលុយជួយដល់កុមារកំព្រា »…។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បានប្រើប្រាស់ពាក្យសម្តីបែបឌឺដង លាយនឹងការប្រមាថមកលើរូបសម្តេចឥតសាកស្រាន្ត ដែលជារឿងមួយមិនអាចទទួលយកបានឡើយ។ សម្រាប់សម្ដេច ហ៊ុន សែន ការប្រើប្រាស់ពាក្យសម្តីបែបប្រមាថលើហ្វេសប៊ុករបស់(សម រង្ស៊ី)នេះ មិនមែនជាទស្សននយោបាយបង្រួបបង្រួមជាតិទេ ប៉ុន្តែវាជាពាក្យសម្តីនយោបាយបែបអុចអាល និងបញ្ឆេះកំហឹងជាតិប៉ុណ្ណោះ។

ថ្លែងចំពោះមុខកម្មកកម្មការិនីរោងចក្រ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្ងន់ៗថា « ជូនសារទៅប្រាប់មុន (សម រង្ស៊ី) និងថ្នាក់ខេត្តឲ្យមើលថា ទ្រព្យសម្បត្តិវា (សម រង្ស៊ី) នៅកន្លែងណា។ ឲ្យតែតុលាការកាត់ក្តីរួចហើយ អញរឹបយក រួចហើយបានទ្រព្យហ្នឹង អញយកទៅចែកកុមារកំព្រា កុំឲ្យវាប្រហើន អាងរត់ទៅនៅក្រៅស្រុកបាន»។

គួររំឮកថា កន្លងមក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ក៏ធ្លាប់ចាញ់
ក្តីសម្តេចតេជោ ម្តងរួចមកហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់សម្ដេច នៅពីក្រោយការសម្លាប់លោក កែម ឡី អ្នកវិភាគល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលកាលណោះ សម្តេចតេជោទារសំណងជំងឺចិត្តតែ ១០០រៀលប៉ុណ្ណោះ។ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសកំពុងជាប់រឿងក្តីក្តាំនៅក្នុងស្រុក មិនក្រោម ១០ពាក្យបណ្ដឹងនោះឡើយ៕