កូរ៉េខាងត្បូង ផ្តល់ឥណទានជាង៧០០លានដុល្លារ រយៈពេល៥ឆ្នាំដល់កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និង ឯ.ឧ ម៉ូន ចេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញរួមគ្នាក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅវិមានសន្តិភាព។ សាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានចំនួនជាង ៧០០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ សម្រាប់កម្ពុជា អនុវត្តលើគម្រោងអប់រំ អភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវវិនិយោគិនកូរ៉េ មកបណ្តាក់ទុកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។

ហិរញ្ញប្បទានសម្បទានចំនួនជាង ៧០០លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ២០១៩-២០២៣ នឹងត្រូវផ្តល់ដល់កម្ពុជា ដោយផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិ លេខ២២។ នេះបើតាម លោក ម៉ូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ បញ្ជាក់នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និងទាញយកប្រយោជន៍ជាអតិបរមា ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។ ការអំពាវនាវរបស់សម្តេចតេជោនាពេលនេះ នៅគ្រាដែលទំហំពាណិជ្ជកម្ម និងទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាកាន់តែមានសន្ទុះ ខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ហេតុដែលវិនិយោគគួរបោះទុនវិនិយោគនៅ កម្ពុជា ក៏ព្រោះតែកម្ពុជា ជាប្រទេសបើកចំហរជាងគេក្នុងតំបន់ ដែលផ្តល់ កម្ពុជា ជាប្រទេសបើកចំហជាងគេក្នុងតំបន់ដែលផ្ដល់ឲ្យអ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគកូរ៉េអាចវិនិយោគលើគ្រប់វិស័យ ដូចគ្នាជាមួយអ្នកវិនិយោគក្នុងស្រុក។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ។

គួរកត់សំគាល់ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្ដីពីការជំរុញ និងការការពារវិនិយោគនៅឆ្នាំ១៩៩៧។ កម្ពុជា-កូរ៉េ ក៏ទើបនឹងចុះកិច្ចព្រមព្រៀងមួយចំនួន ទើបតែត្រូវបានចុះហត្ថលេខា ក្នុងនោះមានអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការសម្របសម្រួលវិនិយោគ ដែលនឹងផ្ដល់ភាពងាយស្រួលនិងលទ្ធភាពកាន់តែខ្ពស់ ដល់ធុរជន និងអ្នកវិនិយោគកូរ៉េ ក្នុងការមកបណ្តាក់ទុនវិនិយោគបន្ថែម និងធ្វើឲ្យប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាកាន់តែរីកលូតលាស់។

លោក ប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន បានបញ្ជាក់ថា ប្រជាជនកូរ៉េមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំងចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា គ្រាដែលប្រជាជនកូរ៉េជាង៤សែននាក់ បានមកទេសចរណ៏នៅកម្ពុជា ជារៀងរាល់ឆ្នាំ។ ឯ.ឧ បញ្ជាក់ថា កម្ពុជាក្លាយជាប្រទេសទីពីរ ដែលកូរ៉េបានធ្វើវិនិយោគទុនធំជាងគេដោយមានក្រុមហ៊ុនប្រហែលជាង៣០០នៅព្រះរាជាណាចក្រកម្ពុជា។ លោក បានកត់សម្គាល់នូវចំនុចសំខាន់បីនៃកិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ ទីមួយគឺការពង្រឹងនូវកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនិងថាមពលអគ្គិសនី ដូចជាការបង្កើតនូវថាមពលកកើតឡើងវិញជាដើមនៅថ្ងៃ អនាគត។ សម្រាប់កូរ៉េ ព្រះរាជាណាចក្រកម្ពុជា គឺជាទីផ្សារដែលមានហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនៅតំបន់អាស៊ីក្នុងរយៈពេលចុងក្រោយនេះ ហើយកូរ៉េក៏បានពង្រីកទុនវិនិយោគរបស់ខ្លួនកាន់តែច្រើនផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ គិតពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦៣២លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង មានប្រមាណ ៣០០លានដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ កន្លងមកនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងពី ៦០២,៦៨២ លានដុល្លារ ដល់ ៧៤៦,៣៨៥លានដុល្លារ។ ក្រៅពីនេះ ទំហំវិនិយោគរបស់កូរ៉េខាងត្បូង នៅកម្ពុជា មានចំនួន ២១៤គម្រោងជាមួយទំហំទឹកប្រាក់ប្រមាណ ៤.៤៧ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៦ ដល់ខែមករាឆ្នាំ២០១៩៕