ប្រធានាធិបតីកូរ៉េខាងត្បូង ចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2019 ក+ ក-

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមិនា ឆ្នាំ២០១៩ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតឯកឧត្ដម MOON JAE-IN ប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ មកកាន់ព្រះណាចក្រកម្ពុជា តបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។

បន្ទាប់ពីបញ្ចប់ការចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង នៅវេលាម៉ោង ១០៖០០ ព្រឹក ក្នុង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ិន (Moon Jae-in) និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយបន្តគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ផងដែរ។

សូមជម្រាបថា លោកប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេស កម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

អំឡុងពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូង លោកបានជួបសំណេះសំណាលជាមួយនឹង វិនិ យោគិន និងប្រជាពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា ព្រមទាំងបានជួបទទួលទាន អាហាររួម គ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងអញ្ជើញ គោរព វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ លោកប្រធានាធិបតី នឹងឆ្ពោះទៅកាន់វិមានសន្តិភាព ដើម្បី មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងជំនួបទ្វេភាគីនោះ លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សា អំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយ ក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម ផងដែរ។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

បើតាមកម្មវិធី លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង អញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការ វិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតី មូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏ សំខាន់ ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យ កិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕