ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនៅវៀតណាម រាលដាលដល់ខេត្តជាប់ព្រំដែនកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2019 ក+ ក-

ភ្នំពេញ ៖ លោក តាន់ ផាន់ណារ៉ា មន្ត្រីជំនាញខាងសុខភាពសត្វនៃក្រសួងកសិកម្ម បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានរាលដាលមកដល់ខេត្តព្រំដែនរបស់ប្រទេសវៀតណាម ដែលជាប់គ្នាជាមួយខេត្ត រតនគិរី និងខេត្តក្រចេះ របស់ប្រទេសកម្ពុជាហើយ តែលោកថា អាជ្ញាធរគ្រប់ខេត្ត បានពង្រឹងការ ទប់ស្កាត់បានយ៉ាងល្អប្រសើរ។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយ នៅថ្ងៃទី១៥ ខែមីនា នេះដោយបញ្ជាក់ថា តាមព័ត៌មានមិនផ្លូវការដែលលោកទទួលបានពីខាងក្រុមហ៊ុនលក់ចំណីសត្វ និងសមាគមចិញ្ចឹមសត្វជាដើម គឺបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលរាលដាលនៅក្នុងប្រទេសវៀតណាម កំពុងតែខិតជិតមកដល់ប្រទេសកម្ពុជាហើយ ។ លោក តាន់ ផាន់ណារ៉ា ក៏បានអំពាវនាវឱ្យមន្ទីរខេត្ត រតនគីរី និងក្រចេះ ត្រូវបង្កើនការតាមដាននិងប្រុងប្រយ័ត្ននៅពេលណាមានសត្វជ្រូកឈឺ។

លោក តាន់ ផាន់ណារ៉ា និយាយថា «ដោយសារកាលពីពេលថ្មីៗនេះ ខ្ញុំទទួលបានព័ត៌មានថា នៅបណ្ដារខេត្តទល់ដែនជាប់ប្រទេសកម្ពុជាដែលជាប់នឹងខេត្ត ក្រចេះ និងរតនគីរី គឺមានបញ្ហានេះ (ជំងឺប៉េស្តជ្រូកអាហ្វ្រិក) ហើយពីពេលនេះទៅ ខ្ញុំក៏សូមសំណមពរលោក-លោកស្រីដែលជាប្រធានការិយាល័យដែរថា ប្រសិនបើមានសត្វឈឺក្នុងករណីមួយណាក៏ដោយ ត្រូវតែប្រុងប្រយ័ត្នខ្ពស់»។

  • ទោះជាយ៉ាងនេះក្តី លោក តាន់ ផាន់ណារ៉ា បានអះអាងថា មានបទល្មើសដឹកជ្រូកចូលខុសច្បាប់ជាច្រើនពីប្រទេសវៀតណាម ត្រូវបានខាងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយអាជ្ញាធរគ្រប់ខេត្ត បានទប់ស្កាត់បទល្មើសទាំងនោះបានយ៉ាងល្អប្រសើរ ហើយរាល់ការវិភាគកន្លងមកក៏បង្ហាញថា កម្ពុជាពុំមានករណីផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្វ្រិក នោះទេ៕