នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជាថ្មីឲ្យសាងសង់ផ្លូវ និងស្ពាន ​ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឡើងវិញអនុញ្ញាតឲ្យសាងសង់ផ្លូវ និងស្ពានប្រវែងជាង ៥៧ គីឡូម៉ែត្រ រួមទាំងស្ពានចំនួនឆ្លងដៃទន្លេ ៣កន្លែង ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សម្តេចតេជោ បានអះអាងថា គម្រោងសាងសង់នេះ នឹងមិនប៉ះពាល់ដល់ចរន្តត្រីនោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបុណ្យទន្លេលើកទី ៥ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែមីនា។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ផ្លូវប្រវែងជាង ៥៧ គីឡូម៉ែត្រ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ ក៏នឹងមានការសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ ដែលដូចជា ទន្លេផ្សារក្រោម ,ទន្លេជល់មុខ និងទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំ ដែលមានប្រវែងរហូតដល់ទៅ ៣.៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «…..សង្ឃឹមថា ពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីគម្រោងមួយនេះ ដែលយើងបានសិក្សាជាក់លាក់រួចមកហើយថា មិនមានផលប៉ះពាល់ណាមួយបំផ្លាញទៅដល់ធនធានធម្មជាតិ ឬក៏បង្វែរចរន្តទឹក ដែលធ្វើឲ្យស្ទះនូវចរាចរណ៍ផ្លូវទឹក និងការបំលាស់ទីរបស់ត្រីនោះទេ….»។
គួររំលឹកថា គម្រោងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យផ្អាកម្ដងរួចមកហើយ កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលដែលសម្តេចអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតក្នុងខេត្តកំពង់ធំ៕