ចិន ប្រកាសបន្តជួយដល់កម្ពុជា ទប់ទល់សម្ពាធពីសហភាពអឺរ៉ុប បញ្ហា EBA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2019 ក+ ក-

ភ្នំពេញ ៖ លោក Kong Xuanyou អនុរដ្ឋមន្ដ្រីការបរទេសចិន បានថ្គែងថា រដ្ឋាភិបាលចិន នឹងជួយដល់កម្ពុជាក្នុងការកាត់បន្ថយនូវសម្ពាធពីសហភាពអឺរ៉ុបលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដោយភាគីចិនកំពុងសិក្សាអំពីមធ្យោបាយ ដើម្បីជួយកម្ពុជាកាត់បន្ថយសម្ពាធពីសហភាពអឺរ៉ុប។

លោក Kong Xuanyou អនុរដ្ឋមន្ដ្រីការបរទេសចិន បានថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងជំនួបមួយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះ។ តាមអនុរដ្ឋមន្ដ្រីការបរទេសចិន គឺ ចិនមានជំហរប្រឆាំងដាច់ខាតចំពោះសហភាពអឺរ៉ុប ដែលតែងតែយកបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ(EBA) នេះ ធ្វើជាឧបករណ៍នយោបាយ។

ការប្រកាសជំហររបស់ចិន នាពេលនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតំណាងសហភាពអឺរ៉ុបបានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា នេះ ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា ពិភាក្សាអំពីដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះEBA ពីកម្ពុជា។ កម្ពុជា ដែលកំពុងប្រឈមមុខនឹងបញ្ហានេះ ដោយសារតែរងការចោទប្រកាន់ថា បានបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ក្រោយពីបានរំលាយគណបក្សប្រឆាំង និងចាប់ខ្លួនលោក កឹម សុខា។

ទាក់ទិននឹងករណី EBA នេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនបានបន្ទន់ជំហរទៅកាន់សហភាពអឺរ៉ុបបន្តិចសោះចំពោះរឿង EBA នេះ។ មិនតែប៉ុណ្ណោះ សម្តេចថែមទាំងប្រកាសប្រាប់ទៅក្រុមកម្មករ កម្មការិនី នៅក្នុងសប្តាហ៍នេះថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប មិនបានធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានបានឡើយ ហើយអត់ EBA នេះ ក៏មិនធ្វើឱ្យកម្ពុជាស្លាប់នោះដែរ។

សូមជម្រាបថា ចំពោះដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នេះ រដ្ឋាភិបាលចិនបានបង្ហាញការយល់ឃើញថា ប្រទេសសមាជិកសហភាពអឺរ៉ុប មិនមានជំហរឯកភាពគ្នាទាំងស្រុងនោះទេចំពោះរឿងនេះ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ដ្រីការបរទេសចិន ហើយថា ចិននឹងជួយដល់កម្ពុជា។ ប៉ុន្តែលោកមិនបានបង្ហាញដោយត្រង់ៗទេថា តើចិននឹងជួយដល់កម្ពុជាដោយវិធីណានោះឡើយ។ យ៉ាងណាក៏ដោយ លោក Kong Xuanyou និយាយថា ចិននឹងជំរុញឱ្យមានការចាប់ផ្តើមចរចា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»ជាមួយនឹងកម្ពុជា ហើយចិនក៏មានលទ្ធភាពបន្ថែមកូតាឱ្យកម្ពុជាក្នុងការនាំអង្ករចេញទៅកាន់ប្រទេសចិន ជារៀងរាល់ឆ្នាំផងដែរ៕  ( លោក Kong Xuanyou អនុរដ្ឋមន្ដ្រីការបរទេសចិនជួបលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃទី២១ មីនា) @Facebook Hor Namhong