នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2015 ក+ ក-

​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ឡើងជា​ប្រធានស្តីទី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ស្វ័យប្រវត្តិ ហើយ​គណៈកម្មាធិការ​ក​ណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​រៀបចំ​បោះឆ្នោត​ធ្វើជា​ប្រធាន​ជា​ផ្លូវការ​។​

​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​បែបនេះ បន្ទាប់ពី​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយ​ជរាពាធ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​០៨ ខែ​សភា ឆ្នាំ​២០១៥ វេលា​ម៉ោង ៣ និង​៤៥​នាទី​។​

​លោក សួស យ៉ា​រ៉ា បន្ថែមថា ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​កណ្តា​ល គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ការបោះឆ្នោត​ជ្រើសរើស អនុប្រធាន​គណបក្ស​ក៏​គ្នា​ដែរ​។​

​គួររំលឹកថា ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើសិនជា​លោក ជា ស៊ីម ទទួលមរណភាព​នោះ​លោក (​លោក ហ៊ុន សែន​) នឹង​ឡើងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សាយ ឈុំ អនុប្រធាន​ទី​១ ព្រឹទ្ធសភា នឹង​ឡើងជា​ប្រធានព្រឹទ្ធសភា​៕ ខេមរិន្ទ​