បីខែដើមឆ្នាំនេះ កម្ពុជានាំចេញចេកអំបូងលឿង និងស្វាយជាង៣ម៉ឺនតោនទៅបរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងរយៈពេលជិត ៣ខែក្នុងឆ្នាំ ២០១៩ នេះ កម្ពុជាបាននាំចេញចេកអំបូងលឿងប្រមាណ ១ម៉ឺន៦ពាន់តោន និងផ្លែស្វាយបានជិត ១ម៉ឺន ៥ពាន់តោន ទៅកាន់ទីផ្សារបរទេស។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងអ្នកសារព័ត៌មានក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជាកាលពីថ្ងៃទី ២៦ ខែមីនា ម្សិលមិញនេះថា បូករួមទាំងផលិតផលកសិកម្មដទៃទៀតមានអង្ករ និងដំឡូងមីជាដើម កម្ពុជាបាននាំចេញទៅកាន់ទីផ្សារបរទេសរហូតដល់ទៅប្រមាណ២ លានតោន ក្នុងពេលជិតបីខែ កន្លងមកនេះ។ តាមទិន្នន័យ ដែលគិតត្រឹមថ្ងៃទី ២៥ ខែមីនា ម្សិលមិញនេះ ក៏មានការបែងចែកជាពីរផងដែរពោល គឺការនាំចេញផលិតកសិកម្មតាមផ្លូវការ មានជាង ១លាន ៤សែនតោន និងការនាំចេញក្រៅផ្លូវការជាង ១លានតោនទៀត ខណៈការនាំទិន្នផលកសិកម្មទៅកាន់បរទេសដំណើរការល្អប្រសើរ។

​លោកបន្តថា បច្ចុប្បន្នទីផ្សារ នាំចេញផលិតកសិកម្មសំខាន់ៗរបស់កម្ពុជា រួមមានប្រទេសបារាំង ប្រមាណ ៤០% ទីផ្សារប្រទេសចិនប្រមាណ ៤០% រួមទាំងទីផ្សារ អឺរ៉ុប និងទីផ្សារប្រទេសក្នុងតំបន់អាស៊ាន។ ការនាំចេញចេកអំបូងលឿងពីកម្ពុជា ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន បានចាប់ផ្ដើមជាផ្លូវការនៅខែមករាឆ្នាំ ២០១៩នេះ ក្រោយកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងលើពិធីសារមួយ អាចនាំចេញទៅកាន់ប្រទេសចិនបាន។ ប្រទេសចិន បានអនុញ្ញាតឲ្យកម្ពុជា នាំចេញចេក៣០ម៉ឺនតោនក្នុងមួយឆ្នាំ។

ចេកអំបូងលឿងកម្ពុជាទទួលទិន្នផលល្អ និងការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអន្តរជាតិនាពេលនេះពិតជាបានឆ្លុះបញ្ចាំងពីការខិតខំរបស់ក្រុមហ៊ុនផង និងការចូលរួមពីមន្ត្រីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផង ក្នុងការគោរពទៅតាមលក្ខណៈបច្ចេកទេស នៃការដាំដុះ និងការវេចខ្ចប់តាមស្តង់ដារអនាម័យខ្ពស់៕