ជប៉ុនផ្តល់ ២លាន៥សែនដុល្លារលើគម្រោងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2019 ក+ ក-

ភ្នំពេញ ៖ កំណើនយានយន្តនៅរាជធានិភ្នំពេញបានកើនឡើងយ៉ាងរហ័សមិន នឹកស្មានដល់ពោលគឺប្រមាណ ៣៧៩% ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។ កំណើនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យរាជធានីភ្នំពេញមានការកកស្ទះជាខ្លាំងរៀងរាល់ព្រឹក និងពេលល្ងាច។ ប្រឈមទៅនឹងបញ្ហានេះ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន បានផ្តល់ជំនួយលើគម្រោងអភិវឌ្ឍគ្រប់គ្រងចរាចរណ៏ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៏។

គម្រោងអភិវឌ្ឍគ្រប់គ្រងចរាចរណ៏ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាចៃកា បានជួយកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ តាមរយៈការបញ្ចៀសចរាចរណ៏ និងពន្លឿននាទីភ្លើងចរាចរណ៏នៅកន្លែងដែលមានការកកស្ទះចរាចរណ៏ខ្លាំង។ គម្រោងនេះ បានកាត់ បន្ថយថ្លៃធ្វើដំណើររបស់អ្នកប្រើប្រាស់យានយន្តតាមវិថីមុនីវង្ស ចំនួនជាង២លា ន៥សែនដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះ នឹងជួយកាត់បន្ថយការបញ្ជូនប៉ូលីសចរាចរណ៏ទៅកាន់ទីតាំងផ្លូវប្រសព្វចំនួន២០ភាគរយ។

បើតាមការបញ្ជាក់របស់លោកស្រី ផេង ផារីណែត ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា ខណ្ឌចំនួន៤មានការកកស្ទះខ្លាំងគឺខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌដូនពេញ។ ចំពោះការគ្រប់គ្រងប្រព័ន្ធនេះ គឺមន្ត្រីជំនាញបានបញ្ជាដោយផ្ទាល់ពីមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ទៅចំនុចប្រសព្វទាំងចំនួន១១៥ទីតាំងនៅរាជធានីភ្នំពេញ ជាមួយនឹង ឧបករណ៍ចាប់រូបភាពចំនួន១៩៤បំពាក់កាមេរ៉ាសុវត្តិភាព២៦ (CCTV Camera) ដើម្បីដោះស្រាយបញ្ហាការកាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ។

ទោះយ៉ាងណាក្នុងចំណោមការតម្លើងភ្លើងសញ្ញាចរាចរណ៍ចំនួន១១៥ទីតាំងនៃផ្លូវប្រសព្វ មានដំណើរការបានតែ១០៩ទីតាំងប៉ុណ្ណោះ ដោយសារ៦ទីតាំងទៀតស្ថិតនៅលើផ្លូវជាតិលេខ១។ លោកស្រី ផេង ផារីណែត បានបញ្ជាក់ថា ការដាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះ ពិតជាបានកាត់បន្ថយការកកស្ទះនិងគ្រឿថ្នាក់ចរាចរណ៍បានច្រើន និងកាតកាត់បន្ថយប៉ូលលីសចរាចរណ័ទៅកាន់ទីតាំងប្រសព្វបានច្រើន។

គួរបញ្ជា់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនេះ គឺទទួលបានជំនួយឥតសំណងពីទីភា្នក់ងារសហប្រត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាJICA ដែលមានទឹកប្រាក់ប្រមាណជា១៦លានដុល្លារអាមេរិក ។ គម្រោងនេះចាប់ផ្ដើមអនុវត្តន៍តាំងពីខែមីនាឆ្នាំ២០១៥រហូតដល់ខែកុម្ភៈឆ្នាំ២០១៨ ហើយពន្យាពេលដល់ខែកុម្ភៈឆ្នាំ២០១៩៕