ព្រះមហាក្សត្រផ្ញើព្រះរាជសារសម្រាប់ការបើកបវេសនកាលនៃរដ្ឋសភា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2019 ក+ ក-

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា បានទ្រង់ផ្ញើរព្រះរាជសារសម្រាប់ការបើកបវេសនកាលនៃរដ្ឋសភាសម័យ ប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ ដោយមាន សមាជិក សមាជិកា រដ្ឋសភាចូលរួមប្រជុំចំនួន ១១៣រូប នៃចំនួនសមាជិកសភាសរុប ១២៥ រូប។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអានព្រះរាជសារ ព្រះករុណា ដោយព្រះរាជសារបានលើកឡើងថា រយៈពេលកន្លងមកនេះ រដ្ឋសភាបានយក ចិត្តទុកដាក់ សហការជាមួយរាជរដ្ឋាភិបាល ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និង សុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងផ្ទៃ ប្រទេស និងប្រឹងប្រែងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យ ដោយផ្តោតជាអាទិភាព ទៅលើការកែទម្រង់អភិបាលកិច្ចល្អ ការកសាងសមត្ថភាព អភិវឌ្ឍធនធានមនុស្ស និងការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជម្រុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកក្រី ក្រ និងជនងាយរងគ្រោះ។

សូមជម្រាបជូនថា៖ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ មានរបៀបវារៈ សំខាន់ៗមួយចំនួនរួមមាន របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋ សភាលើកទី១ និងលើកទី២ នីតិកាលទី៦។ ការបោះឆ្នោតជ្រើសតាំងលោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិឆ្នាំ ២០១៩-២០២៨, ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងឯកឧត្តម ច័ន្ទ សុផល ជាសមា ជិកគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ៕