កម្ពុជា-ថៃ នឹង ព្រមព្រៀងបើកការដឹកជញ្ជូនតាមផ្លូវដែកនៅចុងមេសា ខាងមុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2019 ក+ ក-

ភ្នំពេញ ៖ បន្ទាប់ពីបានឯកភាពគ្នា រវាងរដ្ឋាភិបាលនៃប្រទេសទាំងពី កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែក រួចមក រដ្ឋមន្រ្តី នៃប្រទេសទាំងពី ក៏បានជួបគ្នាឡើងវិញ ដើម្បីពិនិត្យ និងពិភាក្សា លើខ្លឹមសារ នឹងពាក្សពេចមួយចំនួន មុននឹងឈានដល់ថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែកជាផ្លូវការ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ០៣ ខែ មេសា រវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ។

បើតាមប្រកាសព័ត៌មានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនោះភាគីទាំងពី បានពិនិត្យនិងពិភាក្សាគ្នាលើខ្លឹមសារ និងពាក្សពេចសំខាន់ៗមួយចំនួន ដើម្បីឱ្យកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែកនេះ កាន់តែមានតម្លាភាព និងប្រសិទ្ធភាព។

ជាមួយគ្នានោះ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាទៅលើ រថភ្លើងដឹកអ្នកដំណើរ DMU ។ ដែលខ្សែរថ DMUនេះ ផលិតដោយក្រុមហ៊ុន Hitachi Ltd.,Japan ជាប្រភេទខ្សែរថភ្លើងដឹកអ្នកដំណើរ មានចំនួន៤ទូ ដែលក្នុងមួយទូៗ អាចដឹកអ្នកដំណើរបាន៨០នាក់។ ហើយភាគីទាំងពីរបានឯកភាពគ្នា ឲ្យមានវគ្គសិក្សាបន្ថែមទៀត ដល់មន្ត្រីកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីកម្ពុជា មានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបើកបរ ថែទាំ និងប្រើប្រាស់រថភ្លើង ដែលថៃនឹងប្រគល់ជូនភាគីកម្ពុជា។

ប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីសប្តាហ៍ក្រោយនេះតទៅ។ ហើយភាគីថៃនឹងប្រគល់រថភ្លើង DMU ឲ្យកម្ពុជា នៅពេលដែលកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែក ត្រូវបានចុះហត្ថលេខារួចរាល់ ដែលភាគីថៃ ស្នើសុំធ្វើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

មួយវិញទៀត កិច្ចប្រជុំទ្វេភាគីនោះដែរ ក៏បានលើកយកពីគម្រោងសាងសង់ស្ថានីយ៍អន្តរជាតិ នៅស្ទឹងបត់ មកពិភាក្សា ដែលភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការគោរពអញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ប្រារព្វពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀននេះផងដែរ៕