បុរសម្នាក់បាញ់សម្លាប់ខ្លួនពេលហាត់បាញ់ស៊ីបក្នុងក្លឹបមួយនៅខណ្ឌពោធិ៍សែនជ័យ(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2019 ក+ ក-

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយកាំភ្លើងខ្លី បាញ់សៀតផ្កាខាងស្ដាំសម្លាប់ខ្លួនឯងបណ្ដាល ឲ្យស្លាប់បាត់បង់ជីវិតដូចបំណងនៅក្នុងក្លឹបបាញ់ស៊ីបមួយកន្លែង ដោយពុំដឹងថា គាត់មាន វិបត្តអ្វី ឡើយ។ បើតាមព័ត៌មានអោយដឹងក្រៅផ្លូវការថា គាត់មានជំងឺប្រចាំកាយមិនអាចព្យបាលបានទើបគិតខ្លីបែបនេះ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងក្លឹបបាញ់កាំភ្លើងមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើងថ្មីឬផ្លូវបង្គោលភ្លើង ក្នុងភូមិខ្វែរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ភ្លាមៗម្ចាស់បានព្យាយាមលាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនោះឈ្មោះ កែវ សុថារិទ្ធ អាយុ៤១ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជម្ងឺប្រចាំកាយ មិនអាចព្យាបាលបានប៉ុន្តែមិនបានដឹងថាជាជម្ងឺអ្វីឡើយ។

បើតាមរូបភាពនៃកាមេរ៉ាសុវត្ថិភាពបានបង្ហាញនូវភាពរន្ធត់យ៉ាងខ្លាំង ដោយនៅក្បែរបុរសនោះមានបុគ្គលិកក្លឹបឈរអមដល់ទៅ៣នាក់ដែរ ប៉ុន្តែមិនអាចរារាំងពីសកម្មភាពបាញ់សម្លាប់ខ្លួននោះបានឡើយ។

តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុបុរសនោះមិនបានចូលទៅបាញ់ស៊ីបនៅក្នុងក្លឹបខាងលើនោះទេ គឺគាត់បានចូលទៅបាញ់កាំភ្លើងនៅក្លឹបមួយដែលគ្រប់គ្រងដោយយោធា។ លុះពេលទៅដល់ទីនោះ គាត់បានព្យាយាមបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនបានសម្រេច ដោយសារតែបុគ្គលិកនៅទីនោះ បានចាប់ទាន់ហើយគាត់ក៏បានចាកចេញមកវិញទាំងស្ថានភាពក្រៀមក្រំ។

ប្រភពដដែលបានបន្តថា លុះចេញផុតពីទីនោះ គាត់បានបន្តដំណើរទៅកាន់ក្លឹបបាញ់កាំភ្លើងឯកជនមួយកន្លែងនៅក្នុងភូមិខ្វែរ សង្កាត់ត្រពាំងក្រសាំង ទៀត។ លុះពេលទៅដល់គាត់បានប្រើកាំភ្លើងខ្លីម៉ាកទំនើប១ដើម បាញ់ស៊ីប ហើយខណៈនោះគាត់បាញ់តម្រង់ទៅកាន់ផ្ទាំងស៊ីបបានចំនួ៤គ្រាប់ហើយ ។ លុះដល់គ្រាប់ទី៥ បានបែរកាណុងដាក់ចំសៀតផ្កាខាងស្តាំរបស់ខ្លួន ហើយកេះកៃបំផ្ទុះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់តែម្តង ខណៈនៅក្បែរខ្លួនបុរសនោះ ក៏មានបុគ្គលិកក្លឹបបាញ់កាំភ្លើង៣នាក់ ក្នុងនោះម្នាក់ស្លៀកពាក់ឯកសណ្ឋានជានគរបាលផងដែរ ប៉ុន្តែមិនអាចជួយទប់ស្កាត់សកម្មភាពអត្តឃាតនេះបានឡើយ។

បន្ទាប់ពីធ្វើអត្ថឃាតខាងម្ចាស់ក្លឹបក៍បានព្យាយាមលាក់បាំង ដែរ តែ ទើបភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៥ ខែមេសា នេះ តាមរយៈកាមេរ៉ាសុវត្ថិភាពបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យរន្ថត់នេះ៕