តុលាការ​ប្រកាស​លើកលែង​ការចោទ ប្រកាន់​អ្នកកាសែត​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2014 ក+ ក-

ខេត្តកំពង់ឆ្នាំង​៖ បណ្តឹង​កំហែង​យក​របស់​ឈ្មួញ​ឈើ​ទៅលើ​អ្នកកាសែត​ទាំង​៦​នាក់​ដែល​បានអូសបន្លាយ​មិន​ចាត់ការ​ជាច្រើន​ឆ្នាំកន្លង មកនោះ ត្រូវ​សាលាដំបូង​ខេត្ដ​កំពង់ឆ្នាំង​ សម្រេច​លើកលែង​ការចោទប្រកាន់​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ ។​

​អ្នករាយការណ៍​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា សវនាការ​សាលាដំបូង​ខេត្ត បានប្រកាស​សាលក្រម​សម្រេច​លើកលែង​ការចោទប្រកាន់ ដោយសារតែ​ភស្ដុតាង​ទាំងឡាយ​ស្ថិតក្នុង​ភាព​សង្ស័យ​ទាំងអស់ ហើយ​ការឆ្លើយបំភ្លឺ​នៅក្នុង​សវនាការ​របស់​ដើមបណ្ដឹង និង​សាក្សី​គ្មាន​គតិយុត្តិ​មិនអាច​ដាក់បន្ទុក​លើ​ចុងចោទ​នោះបាន​ឡើយ​។​

ប្រភព​បន្តថា ដឹក​អង្គ​សវនាការ​រួមមាន​លោក សុទ្ធ សំអោក ជា​ចៅក្រម​ជំនុំជម្រះ លោក សេង ម៉េង​ស្រ៊ុន ព្រះរាជ អាជ្ញា​រង​ជា​តំណាង​អយ្យការ និង​កញ្ញា ឯម ស្រី​ធា ជា​ក្រឡាបញ្ជីរ​សវនាការ​រួម​និង​លោក គង់ ពីសី ,​លោក ឈឹម ច័ន្ទ សត្យា​ន​ន្ទ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកកាសែត​ទាំង ៦ នាក់​នោះ​។​

ប្រភព​ដដែល​បន្តថា អ្នកកាសែត​ទាំង ៦ នាក់ ដែល​ទទួលរង​នូវ​ការចោទប្រកាន់ រួមមាន​៖ ១ . លោក​ចាន់ ធី សហការី​កាសែត​ដើម​អំពិល ២.​លោក​កែវ ហួរ អ្នកយកព័ត៌មាន​ទូរទស្សន៍ អប្សរា ៣.​លោក​យ៉ង សុខា អ្នកយកព័ត៌មាន​កាសែត​ថ្ងៃនេះ ៤. លោក​មាស សុខា អ្នកយកព័ត៌មាន​កាសែត​ថ្ងៃនេះ ៥.​លោក​ប៉ិ​ម ពិន អ្នកយកព័ត៌មាន​កាសែត​នគរវត្ត និង ៦.​លោក​ជា ខេ​ម ជា​សមាជិកសមាគម​អ្នកកាសែត​ប្រជាធិបតេយ្យ​។​

លោក ឈឹម ច័ន្ទ​សត្យា​ន​ន្ទ ជា​មេធាវី ការពារ​អ្នកកាសែត​ទាំង​៦​នាក់​បាន​ថ្លែងថា​សវនាការ​ជំនុំជម្រះ​សំណុំ​រឿងក្តី​ចោទប្រកាន់​អ្នកកាសែត បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ ប៉ុន្ដែ​សាលក្រម​ត្រូវ​លើកយក​មក​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ហើយ​ការសម្រេច​របស់​ចៅក្រម​ពិតជា​បានផ្ដល់​យុត្ដិធម៌​ដល់​កូនក្ដី​របស់លោក​ទាំង​៦​នាក់​ដែល​រង​បណ្តឹង​ចោទប្រកាន់​ពីបទ​កំហែង​យក​មិន​ច្បាស់លាស់​។​

ខណៈ​មាន​ការចាប់​ឃុំឃាំង​អ្នកកាសែត​ជា​បន្តបន្ទាប់​ដែល​ភាគច្រើន​ត្រូវបាន​ចោទប្រកាន់​ពីបទ​កំហែង​យក បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ត្រូវបាន​ចាត់ទុកថា​ជាការ​គំរាម កំហែង​បំបាក់ស្មារតី​ចំពោះ​បុ​គ្ក​ល ឬ​ស្ថាប័ន​ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន និង​សេរីភាព​ក្នុងការ​សម្តែង​មតិ ។​

អាជ្ញាធរ​គួរ​ពិនិត្យ​សើរើ​សំណុំរឿង​ប្រឆាំង​អ្នកកាសែត​របស់​ជនខិលខូច និង​មន្ត្រី​ដែល​យក​អំណាច​ក្នុង​រដ្ឋ​ទៅ​ឡូកឡំ​ក្នុង​បទល្មើស​រួច​ចាត់ទុក​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន និង​អ្នកកាសែត​ជាស​ត្រូវ ហើយ​ឃុបឃិត​គ្នា​រៀប​អន្ទាក់ ចាប់​អ្នកកាសែត​ដោយសារតែ​ការសាកសួរ​ព័ត៌មាន និង​ថតរូប​ពី​សកម្មភាព​ដែល​គេ​ដឹងថា​ជា​បទល្មើស​ប៉ុណ្ណោះ​៕​សុត្ថា​រ៉ូ​