រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងកម្មសិទ្ធិបញ្ញាឆ្នាំ២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងបានស្នើសុំសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិមួយនេះ បន្តខិតខំជំរុញការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា និងច្បាប់ពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា លើកទី៩ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមេសា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានសម្តែងការកោតសរសើរចំពោះក្រសួងទាំង ១៤ ដែលជាសមាជិកគណៈកម្មាធិការជាតិ ដែលបានប្រឹងប្រែងសហការអនុវត្តន៍វិស័យកម្មសិទ្ធិបញ្ញាជាតិ រហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងបានដាក់ចេញទិសដៅផែនការ ដើម្បីអនុវត្តន៍នៅក្នុង២០១៩ ដោយជោគជ័យ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមាជិកទាំងអស់ ដែលបានផ្តល់ធាតុចូលសំខាន់ៗដល់ក្រសួងពាណិជ្ជកម្មដែលជាប្រធានគណៈកម្មាធិការជាតិ ដើម្បីចងក្រងរបាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានកត់សម្គាល់ពីកិច្ចប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជ្រាប និងបញ្ចូលមុខវិជ្ជាកម្មសិទិ្ធបញ្ញា ទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ និងឧត្តមសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សំដៅបម្រើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)បូកសរុបរបាយកាណ៍ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឆ្នាំ២០១៨ (២)ពិនិត្យមើលបញ្ហាប្រឈមដែលបានអនុវត្តកន្លងមក (៣)កំណត់ទិសដៅការងារឆ្នាំ២០១៩ ដើម្បីកៀងគរជំនួយពីដៃគូអភិវឌ្ឍនានា និង(៤)អនុម័តលើរបាយការណ៍បូកសរុបលទ្ធផល និងទិសដៅការងារ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល សំដៅសុំអនុសាសន៍ណែនាំបន្ថែម ៕