ចែ​ច្រឹប កាប់​ឈើ​ក្នុង​ដែន​អភិរក្ស​លំផាត់​ដឹកចេញទៅ​វៀតណាម​តាម​ច្រក​របៀងដែល​ប្តី​ខ្លួន​គ្រប់គ្រង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2015 ក+ ក-

​ខេត្តរតនគិរីៈ មេ​ឈ្មួញ​ដុះ​ស្លែ​ដែល​ត្រូវ បាន​កត់សម្គាល់​ក្នុងករណី​កាប់បំផ្លាញ​ឈើ​ក្នុង​តំបន់​អភិរក្ស​ដោយ​ខុសច្បាប់​ឈ្មោះ ថា​ន និង​ចែ ច្រឹប កំពុង​បង្កើន​ការកាប់​អារ និង​ដឹកជញ្ជូន​ចេញ​នូវ​ប្រភេទ​ឈើ​ប្រណីត​ពី​ដែនជម្រកអភិរក្ស​សត្វព្រៃ​ក្នុងស្រុក​លំផាត់ បញ្ជូន​ឆ្លងទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តាម​ច្រករបៀង​ដែល​ប្តី​របស់ខ្លួន​គ្រប់គ្រង​មាន​រហស្សនាម​ថា «​ប៉ុ​សិ៍្ត​សង្កេតការណ៍​ខ្លាធំ​» ខេត្តរតនគិរី​។​នេះ​បើតាម​ការអះអាង​ពី​មន្ត្រី​ជំនាញ និង​កម្មករ​ស៊ីឈ្នួល​កាប់​ឈើ​។​

​ចំណុច​ដែល​ត្រូវគេ​ប្រើ​កម្លាំង​ប្រដាប់​ដោយ​ម៉ាស៊ីន​រ៉ៃ​គ្រប់​ដៃ​ប្រមាណពី​២០ទៅ៣០គ្រឿងក្នុងចំណោមកម្លាំងសរុបប្រមាណជាង ៨០​នាក់ ស្ថិតនៅក្នុង​តំបន់ អូរ​តាង អូរ​លាវ ភ្នំ​៥៥៥ អូរ​ប៊ឿ​ក​… ស្ថិតនៅ​ស្រុក​លំផាត់ ខេត្តរតនគិរី ដឹក​ចេញ​តាម​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​លោក ផុន ជា​ប្តី​របស់​ចែ​ច្រឹប​។

​មន្ត្រី​ជំនាញ និង​ប្រជាពលរដ្ឋ​បាន​រិះគន់​ស្រដៀង​គ្នា​ថា បុរស​ស្ត្រី​មេ​ឈ្មួញ​ដុះ​ស្លែ​ទាំង​២​រូប​ម្នាក់​ឈ្មោះ ថា​ន និង​ម្នាក់ទៀត​គឺ​ចែ ច្រឹប​។​ចែ​ច្រឹប គឹជា​ប្រពន្ធរបស់​លោក ផុន នាយ​ប៉ុ​សិ៍្ត​«​សង្កេតការណ៍​ខ្លាធំ​»​ការពារ​ព្រំដែន ដែលជា​ច្រករបៀង​មួយ​ដ៏​សកម្ម​ក្នុង​ការជួយ​លាក់បាំង​ជ្រោមជ្រែង​បញ្ជូន​ឈើ​ខុស​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។ ចំណែក​បុរស​ឈ្មោះ ថា​ន ក៏​ជា​សាច់ឈាម​ជាមួយ​លោក ផុន និង​ចែ​ច្រឹប នេះដែរ​។​

​ប្រភព​បន្តថា ខ​ណៈ​ភ្លៀង​ដើមរដូវ​ចាប់ផ្តើម​ធ្លាក់​ម្តងម្កាល មេ​ឈ្មួញ​២-៣​នាក់​នេះ បាន​បញ្ចេញ​កម្លាំង​ស៊ីឈ្នួល​រាប់សិប​នាក់​ចូល​កាប់​រុករាន​ព្រៃ​ដែន​ជំរក​ជាច្រើន​កន្លែង​នៅក្នុង​ព្រៃ​អភិរក្ស​ដូចជា​ចំណុច​ពាម​អូរ​តាង ពាម​អូរ​លាវ ពាម​អូរ​យិន​តែ អូរ​តា​ង៉​ត អូរ​តា​ង៉ែ ភូមិ​ខ្វែង អូរ​ប៊ឿ​ក ភ្នំ​៥៥៥ ក្នុងនោះ​មាន​ប្រភេទ​ឈើ​សុ​ក្រំ ផ្ចឹក ត្រាច ឈើទាល ស្រឡៅ នាងនួន កកោះ និង​លាយ​ឈើ​ធ្នុង​ផងដែរ​។ បន្ទាប់ពី​កាប់​បាន​ហើយ គេ​បាន​ដឹក​ពី​ស្រុក​កោះ​ញ៉ែ​ក ចេញ​តាម​ច្រករបៀង​អូរ​ប៉ាវ ជា​ភូមិសាស្ត្រ​ដែល​ថិ​ត​ក្នុងការ​គ្រប់គ្រង​របស់​លោក ផុន នាយប៉ុស្តិ៍​សង្កេតការណ៍​ដែលមាន​រហស្សនាម ខ្លាធំ​របស់​កងទ័ព​ការពារ​ព្រំដែន​ជើងគោក និង​នគរបាល​ព្រំដែន​គោក ហៅ​កាត់​ថា «​ប៉ុស្តិ៍​ខ្លាធំ​»​។

​ក្រុមកម្មករ​ស៊ីឈ្នួល​កាប់​ដែល​សុំ​លាក់​ឈ្មោះ​បាន​ប្រាប់ មេគង្គ​ប៉ុ​សិ៍្ត កាលពី​ថ្ងៃ​ចន្ទ ថា ពួកគេ​បាន​ប្រើប្រាស់​កម្មករ​រាប់សិប​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​រ៉ៃ និង​ត្រង់​ស៊ី​ន័​រ​ច្រើន​គ្រឿង ចូលទៅក្នុង​ដែន​អភិរក្ស​ដែលជា​តំបន់ហាមឃាត់ ជ្រៀក ផែ ឈើ​ប្រណីតៗ រួច​ប្រើ​កម្លាំង​ដឹកជញ្ជូន​ដោយ​ប្រើ​ត្រាក់ទ័រ​កែច្នៃ​ចំនួន​២-៣​គ្រឿង និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ទៀត​ដែល​អាច​ផ្ទុក​ឈើ​ប្រណីត​បាន​ប្រមាណ​១៥.២០​តោន​ក្នុង​មួយគ្រឿង ។​ពេល​ដឹក​ចេញពី​កន្លែង​ស្តុក​ទុក​លួចលាក់​គេ​ប្រើ​រថយន្ត​ប្រភេទ​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ កំពង់ចាម 2A-2826 ដើម្បី​បំភ័ន​ភ្នែក​សមត្ថកិច្ច​ដែល​មិនបាន​ទទួល​សំណូក ចេញពី​ស្រុក​កោះ​ញ៉ែ​ក​តាម​ច្រករបៀង​អូរ​ប៉ាវ ដែល​ហៅថា​ប៉ុស្តិ៍​ខ្លាធំ និង​ប៉ុស្តិ៍​សង្កេតការណ៍​របស់​កង​ទ័ព​ខាងលើ គ្មាន​អ្នកណា​ហ៊ាន​រារាំង​នោះទេ ព្រោះ​លោក​មេ​ប៉ុ​សិ៍្ត​ជា​ប្តី​របស់​ចែ​ច្រឹប​។​
​ ​
​កម្មករ​ដដែល​បន្តថា ការ​អារ ផែ ឈើ​ប្រណីត​ក្នុង​តំបន់​ព្រៃ​ដែន​ជំរក​អភិរក្ស​នោះ គេ​ជួល​កម្មករ​ជា​ជនជាតិ​វៀតណាម​ទាំងអស់ ជនជាតិខ្មែរ​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ កម្មករ​ទាំងនេះ​មាន​ចំនួន​ប្រមាណ​ជិត​៨០​នាក់​ឯណោះ​។

​ប្រភពពី​កម្មករ​ខ្មែរ​បន្ត​ឲ្យ​ដឹងថា កម្មករ​វៀតណាម​ស៊ីឈ្នួល​ទាំងនោះ ទទួល​ថ្លៃឈ្នួល​ពលកម្ម​ក្នុង​មួយ​គីប​តម្លៃ​១​លាន​ដុង​(​លុយ​វៀតណាម​) រួច​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​តម្លៃ​ក្នុង​ម៉ែត្រ​គីប​៧០០​ដុល្លា​អាមេរិក​(​ប្រភេទ​ឈើ​សុ​ក្រំ​)​។​

​ប្រភព​បន្តថា ឈើ​នៅក្នុង​ដែន​ជំរក​ខាងលើ​ដែល​បាន​អារ​រំលំ​ផែ​រួច​ប្រមាណ​២​គោយន្ត​កែច្នៃ​ទម្ងន់​ប្រមាណ​ជាង ៧០ ទៅ ៨០​តោន ទើប​ថៅកែ​បញ្ជា​ឲ្យ​គោយន្ត​កែច្នៃ​ចូល​ដឹក​ចេញ យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ទៅ​ស្តុក​លាក់ទុក​នៅ​ឃ្លាំង​ឯ​កោះ​រំ​យើ​ល បើ​ក្នុងករណី​មិន​ទុកចិត្ត​ខ្លាច​មាន​ហេតុ​ការ​អាក្រក់ ថៅកែ​ចេញ​បញ្ជា​ឲ្យ​ដឹក​បង្ហួស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ដូច​បាន​រៀបរាប់​ខាងលើនេះ​មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ​។

​ប្រភពព័ត៌មាន​ពី​អតីត​កម្មករ​ដឹកជញ្ជូន​ឈើ​បាន​បន្តទៀតថា ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​ខាងលើនេះ​គ្មាន​អ្នកណា​មក​រំខាន​ទេ ព្រោះ​មេ​ឈ្មួញ​ចែ​ច្រឹប មាន​នាយ​នគរបាល​នៅ​ច្រករបៀង​ការពារ​ព្រំដែន​ជើងគោក​ដែល​ហៅថា​ប៉ុស្តិ៍​ខ្លាធំ​នោះ ជា​សាច់ញាតិ​។

​មន្ត្រី​ជំនាញ​មួយរូប​បាន​ប្រាប់ មេគង្គ​ប៉ុ​សិ៍្ត ដោយ​រិះគន់ថា មេ​ឈ្មួញ​ដែល​រកស៊ី​កាប់​ទន្ទ្រានព្រៃ​ឈើ​ល្មើសច្បាប់​ខាងលើនេះ គេ​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ច្រើន​ផ្នែក ដូចជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​ជំនាញ​ដែន​ជំរក​អភិរក្ស​នៅក្នុង​ខេត្ត​ជាដើម ទើប​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ដែល​ដូនតា​បន្សល់ទុក​សម្រាប់​អភិរក្ស​រក្សា​ព្រៃឈើ និង​សត្វព្រៃ​ជា​សម្បត្តិ​ធម្មជាតិ និង​ព្រៃ​បំរុង​រក្សា​របស់​រដ្ឋ​ត្រូវគេ​ឃុបឃិត​គ្នា​កាប់បំផ្លាញ​លក់​ធ្វើ​មាន​ធ្វើបាន​គ្រប់ៗ មិន​ខ្វល់​ពី​អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋា​ភិល​ដែល​ចាត់ទុក​ការកាប់បំផ្លាញ​ព្រៃឈើ​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នោះឡើយ​។​

​បុរស​ម្នាក់​អះអាងថា​ខ្លួន​ជាម​ន្ត្រី​ព្រៃឈើ​តែ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​បញ្ជាក់ថា នៅ​រតនគិរី​សព្វថ្ងៃ មាន​បុរស​ម្នាក់​ឈ្មោះ សាក់ តាំងខ្លួន​ជា​អ្នក​រត់ការ​សូកប៉ាន់​ដើម្បី​បិទបាំង​បទល្មើស​ព្រៃឈើ​របស់ ចែ​ច្រឹប និង​ឈ្មោះ ថា​ន ។ ជន​ឈ្មោះ សាក់ ដែល​ជិះ​រថយន្ត​ម៉ា​កវី​ហ្គោ​២​បាំង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-7894 ក៏មាន​ភាគហ៊ុន​ក្នុង​បទល្មើស​នេះដែរ​តែ​ឆ្លៀត​ចូលខ្លួន​រត់ការ​យ៉ាងសកម្ម​សូកលុយ​សមត្ថកិច្ច​តាម​ឋានៈ និង​តួនាទី​តូចធំ​ឲ្យ​លាក់បាំង​បទ​លើ្ម​ស​ការកាប់បំផ្លាញ និង​ជួញដូរ​ឈើ​របស់ខ្លួន​នៅក្នុង​ខេត្តរតនគិរី ។​

​មន្ត្រី​ម្នាក់​ដែល​ខឹងសម្បារ​ដោយ​គ្មាន​ចំណូល​ពីបទ​ល្មើស​ដូច​គេ​បាន​និយាយ​ទាំង​កំហឹង​ប្រាប់ មេគង្គ​ប៉ុ​សិ៍្ត ថា មេ​ឈ្មួញ​ឈ្មោះ ចែ ច្រឹប បាន​ប្រើ​អំណាច​ប្តី​ខ្លួន​ជានា​យ​ប៉ុ​សិ៍្ត​ក្នុងការ​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​។​ចំណែក​ឈ្មោះ ថា​ន ក៏​ជាប់​សាច់ឈាម​ជាមួយគ្នា​ដែរ​។​ប្រភព​បន្តថា ទោះជា​យ៉ាងណា​ក៏​លោក ផុន នាយប៉ុស្តិ៍​ច្រករបៀង​ប៉ុស្តិ៍​ខ្លាធំ ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវជា​ប្តី​ចែ​ច្រឹប ត្រូវតែ​ចេញមុខ​កាង​ឈើ​ក្នុងពេលដែល​ប្រពន្ធ​របស់គាត់​ដឹកបញ្ជូន​ឆ្លងដែន​លក់​ឲ្យ​ឈ្មួញ​វៀតណាម​យ៉ាងសកម្ម​ដែរ បើ​ទោះ​បើជា​ដឹងថា ជា​ទង្វើ​ខុសច្បាប់​បែបណាក៏ដោយ​។​

​មន្ត្រី​ដដែល​បន្តទៀតថា លោក អ៊ូ សុធី នាយក​ដែន​ជំរក​សត្វព្រៃ​ស្រុក​លំផាត់ ត្រូវគេ​មើលឃើញថា បាន​បិទ​ភ្នែក​ធ្វើ​មិនឃើញ​ការបំផ្លាញ​ឈើ​ក្នុង​ដែន​អភិរក្ស​ដែលជា​ដែន​សមត្ថកិច្ច​របស់លោក​ទៀតផង​។​ដោយសារ ការមិន​អើពើ​របស់​សមត្ថកិច្ច​ជំនាញ ទើប​កា​រកស៊ី​កាប់​ឈើ​លក់​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ដឹក​ចេញ​តាមផ្លូវ​ច្រករបៀង​ប៉ុ​សិ៍្ត​ខ្លាធំ​នេះ មហា​គ្រួសារ​ចែ​ច្រឹប និង​លោក ផុន ដ៏​មហិមា​អាច​បន្តធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​រាប់​ឆ្នាំ​មកហើយ គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​លោក អ៊ូ សុធី នាយក​ដែន​ជំរក​សត្វព្រៃ​ស្រុក​លំផាត់ ខេត្តរតនគិរី ភ្នាក់ងារ​សារព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ជា​ច្រើនដង ដើម្បី​សុំ​ការបញ្ជាក់​ហេតុការណ៍​ដែល​ប្រទះឃើញ​មនុស្ស​រាប់សិប​កំពុង​កាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់លោក​ដែរ ប៉ុន្តែ​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បានទេ​។ ចំណែក​លោក ថង សាវុន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​រតនគិរី មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស និង​ការជួញដូរ​ឈើ​ខុសច្បាប់​របស់លោក ថា​ន និង​ចែ​ច្រឹប បានទេ​កាលពី​ព្រឹក​ថ្ងៃទី​១០ មិថុនា នេះ ៕​ដោយ​៖ រដ្ឋ វិរៈ

hygt

រថយន្តស៊េរីខ្ពស់ដែលទុកដឹកឈើប្រណីតទៅកាន់ច្រករបៀង ប៉ុសិ៍្តខ្លាធំ (photo : virek ថតថ្ងៃទី៦ មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )

loki

ក្រុមកម្មករស៊ីឈ្នួលកាប់ជាជនជាតិវៀតណាម

(photo : virek ថតថ្ងៃទី៦មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )

nkopl

sxfdr

ឈើដែលទើបនឹងកាប់រំលំថ្មីៗក្នុងតំបន់អភិរក្ស ស្រុកលំផាត់

(photo : virek ថតថ្ងៃទី៦មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )

hbgyi

ត្រាក់ទ័រសម្រាប់ស្ទូចលើកដាក់ឈើលើគោយន្តច្នៃ ឬប្តូរទីតាំងស្តុក

(photo : virek ថតថ្ងៃទី៦មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )