លោក អ៊ី ឃីម គយទីលានអូសរទេះដែលពន្យារការចូលនិវត្តន៍តាំងពីឆ្នាំ២០១៨ រងការរិះគន់ជាថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2019 ក+ ក-

ប៉ោយប៉ែត ៖ លោក អ៊ី ឃីម អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលបន្ទុកផែស្ងួត (ទីលានអូសរទេះ) បានរងនូវការរិះគន់ជាថ្មីពីសំណាក់មន្ត្រីគយក្រោមបង្គាប់មួយចំនួន ក្រោយពីបែកធ្លាយថា លោកបានរត់ការសុំពន្យារកំណើតដើម្បីបាននៅបន្តមុខតំណែងក្នុងអង្គភាពមួយនេះខណៈដល់ពេលចូលនិវត្តន៍នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ម្ល៉េះ។

មានការលើកឡើងថា មូលហេតុដែលលោក អ៊ី ឃីម ក្រាញមិនព្រមចូលនិវត្តន៍នោះ ព្រោះអាចមកពីស្តាយតំណែងខ្លាញ់មួយនេះ ដែលក្នុងមួយថ្ងៃៗ ឬមួយខែៗត្រូវបានគេសង្ស័យថា លោក អ៊ី ឃីម អាចរកចំណូលបានយ៉ាងក្រាស់ក្រែលតាមរយៈការឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីទុច្ចរិតប្រព្រឹត្តអំពើពុករលួយ អនុញ្ញាតឲ្យនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ចូលរដ្ឋ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ លោក អ៊ី ឃីម បានធ្វើការអួតអាងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រមូលពន្ធគយជូនរដ្ឋនៅច្រកប៉ោយប៉ែតដោយលោកអះអាងដូច្នេះថា ៖ ឆ្នាំ២០១៨កន្លងទៅការប្រមូលពន្ធគយពីទំនិញដឹកតាមរទេះនាំចូលពីថៃមកកម្ពុជាបានជាង២២កោដិរៀល (២២.៤៨៨.៤៣៩.៩០០រៀល) ឬស្មើនឹង ៥,៦លានដុល្លារសហរដ្ឋអាមេរិក (៥.៦២២.២០០ដុល្លារអាមេរិក)។

ដោយឡែកសម្រាប់ខែកុម្ភៈ ដើមឆ្នាំ២០១៩ ផែស្ងួត (ទីលានអូសរទេះ) ធ្វើការប្រមូលពន្ធបានជាង២កោដិរៀល (២.១៣៩.៨១៦.៦០០រៀល) ឬស្មើជាង៥សែន៣៥ម៉ឺនដុល្លារអាមេរិក (៥៣៥.០០០ដុល្លារសហរដ្ឋអាមេរិក)។

បើទោះជាលោក អ៊ី ឃីម មានការអះអាងពីការប្រមូលពន្ធគយរបស់អង្គភាពផែស្ងួត (ទីលានអូសរទេះ)បានយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះក្តី ក៏ការនាំចូលទំនិញជាច្រើនមុខតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានគេដាក់ការសង្ស័យថា មានមុខទំនិញមួយចំនួនដែលឈ្នួញនាំចូលអាចបង់ពន្ធមិនគ្រប់ ឬត្រូវបានគេក្លែងប្រភេទមុខនិញជាដើម (ពីទំនិញមានតម្លៃបង់ពន្ធច្រើន មកជាទំនិញថោកៗ) ដើម្បីឲ្យការបង់ពន្ធអស់តិចតួចបំផុត។

ករណីនេះ មានការឃុបឃិតគ្នាពីសំណាក់លោក អ៊ី ឃីម ដែលជាអនុប្រធានការិយា ល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទទួលបន្ទុកផែស្ងួត (ទីលានអូសរទេះ) តែម្តង ជាហេតុធ្វើឲ្យចំណូលពន្ធ គយមួយចំនួនធំ ត្រូវហូរចូលក្នុងហោប៉ៅបុគ្គលជាមន្ត្រីគយពុករលួយ ក្រោមឱវាទលោក អ៊ី ឃីម ៕ ដោយ ៖ សួន ចិត្រា