ឃាត់​រថយន្ត​ដឹកទំនិញ និង​ជនជាតិ​ថៃ​ជិត ៤០០ នាក់​ដែល​ឆ្លងដែន​គ្មាន​លិខិតអនុញ្ញាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2015 ក+ ក-

​កោះកុង​: រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន ១៦៧ គ្រឿង និង​ជនជាតិ​ថៃ​ប្រមាណ ៣៩៨ នាក់ ត្រូវបាន​ប៉ូលិស​អន្ត​ប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ហាមឃាត់​មិន​ឲ្យ​ឆ្លងដែន កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ នេះ ដោយសារតែ​ពុំមាន​លិខិតអនុញ្ញាត ពី​ក្រសួងមហាផ្ទៃ​។​

​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ចាំ​យាម លោក សុវណ្ណ ប៊ុនធឿន បាន​ប្រាប់ថា ក្បួន​រថយន្ត​ដឹកទំនិញ​ខាងលើ​គ្រោង​ឆ្លងតាម​ច្រក​ចាំ​យាម​នេះ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ត្រឹមតែ​លិខិតអនុញ្ញាត​របស់​ក្រសួង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​ថៃ​ប្រមាណ​ជិត​៤០០​នាក់​ដែល​អមដំណើរ​ក្បួន​រថយន្ត​យក​ទំនិញ​ទៅ​លក់​នោះ​គ្មាន​លិខិតឆ្លងដែន​ទេ ដូច្នេះ​ប៉ូលិស​អន្ត​ប្រវេសន៍ មិនអាច​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ចូលមកក្នុង​ទឹកដី​កម្ពុជា​បានឡើយ​។​

​ម​ន្រី្ត​រូបនោះ បាន​ឲ្យ​ដឹងថា អ្នក​រត់ការ បាន​យកតែ​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​ដែល​អនុញ្ញាត​ឲ្យ​នាំ​រថយន្ត និង​ដឹកទំនិញ​ចូលមក​បង្ហាញ​តែ​ចំពោះ​លិខិត​របស់​ក្រសួងមហាផ្ទៃ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ចូលមក គឺ​ពុំមាន​ទេ ដូចនេះ​ប៉ូលិស​ចាំបាច់​ត្រូវ​ឃាត់​ដើម្បី​ឲ្យ​អ្នក​រត់ការ​ទៅ​បំពេញ​សំណុំបែបបទ ឲ្យ​បាន​គ្រប់គ្រាន់ ជាមុនសិន ទើប​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​។​

​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​ខាងលើ គេ​សង្ក​ត​ឃើញ អ្នក​រត់ការ​ម្នាក់ ឈ្មោះ កា​លីន ដែល​អះអាង ថា ខ្លួន​ជាម​ន្រី្ត​សាលាខេត្ត​ព្រះសីហនុ បាន​ទូរស័ព្ទ​ខ្វាត់ខ្វែង ទៅសុំ​អន្តរាគមន៍​ពី លោក​អភិបាលខេត្ត​ព្រះសីហនុ និង​ម​ន្រី្ត នៅ​អគ្គនាយកដ្ឋាន​ប៉ូលិស​អន្ត​ប្រវេសន៍ តាំងពី​ម៉ោង​៩​ព្រឹក រហូតមកដល់​ម៉ោង​ជិត​៦​ល្ងាច ដើម្បី​សុំ​ឲ្យ​ក្បួន​រថយន្ត បាន​ឆ្លងកាត់ ដោយ​ពុំ​បាច់​រត់ការ​ទៅសុំ ការអនុញ្ញាត​ច្បាប់ ពី​ក្រសួងមហាផ្ទៃ តែ​ទីបំផុត គ្មាន​ម​ន្រី្ត​ណា​ម្នាក់ ហ៊ាន​ចេញមុខ ធើ្វ​អន្តរា​គម​ន៏​ទេ​៕

plokm