កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងចំនួន៦ ផ្តោតលើការវិនិយោគពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2019 ក+ ក-

ក្រុងប៉េកាំង ៖ នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៨ មេសា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លី ខឹឈាង បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះអនុស្សារណៈយោគយល់គ្នាចំនួន៦ ផ្តោតលើការវិនិយោគពាណិជ្ជកម្ម និងវិស័យផ្សេងៗមួយចំនួនទៀត។

យោងតាមឯកសារបានឲ្យដឹងថា អនុស្សារណៈយោគយល់គ្នាសំខាន់ៗចំនួន៦ ដែលត្រូវបានរាជ និងរដ្ឋាភិបាលទាំងពីរបានឯកភាពចុះកិច្ចព្រមព្រៀងនាពេលនេះមាន ទី១. អនុស្សារណះនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហ ប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ ទី២. អនុស្សារណះ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ទី៣.អនុស្សារណះ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជា ចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន។ ដោយឡែក អនុស្សារណះនៃការយោគយល់គ្នាទី៤គឺផ្តោតលើកិច្ចសហប្រតិបត្តិការ ស្តីពីសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ទី៥ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជាចិន និងចុងក្រោយជាកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណង។

នៅក្នុងជំនួបពិភាក្សាការងារជិត៣០នាទី ជាមួយសម្តេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីចិន លី ខឹឈាង បានអះអាងថា ចិនមានឆន្ទះច្បាស់លាស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធទៅនិងក្រុមហ៊ុនចិនដែលកំពុងធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ រដ្ឋាភិបាលចិន នឹងជំរុញនិងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះ បង្កើនខ្សែសង្វាក់ផលិតបន្ថែមទៀត នៅកម្ពុជា។

លោក លី ខឹឈាង បានអះអាងថា បើទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺមិនអាចបំបែកចំណងមិត្តភាពដ៏រឹងមាំរវាងចិននិងកម្ពុជាបានឡើយ ហើយចិនបន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះរដ្ឋាភិបាលចិន ដែលផ្តើមការពិភាក្សាជាមួយកម្ពុជា ទាក់ទិនទៅនឹងការត្រៀមចំពោះការដក EBA ពីកម្ពុជា ពីសំណាក់សហភាពអឺរ៉ុប៕