ក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់ចិន គ្រោងវិនិយោគអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2019 ក+ ក-

ក្រុងប៉េកាំង ៖ លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងចិន បានបញ្ជាក់ពី បំណងចង់ឲ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់ គ្រាដែលក្រុមហ៊ុនកំពុងធ្វើការពិចារណាក្នុងការវិនិយោគផ្លូវដែកចំនួនពីរខ្សែ ភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត។

លោក ឆិន ហ្វិនជាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី ២៨ ខែមេសា នេះ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ពាក់ព័ន្ធនឹងគម្រោងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្វើការដឹកនាំ ក្នុងការចរចាជាមួយភាគីចិន ដើម្បីនាំយកក្រុមហ៊ុនអភិវឌ្ឍន៏ផ្លូវដែករបស់ចិន ទៅសហការជាមួយនឹងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង នៅក្នុងប្រ ទេសកម្ពុជា ដើម្បីអោយការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព ។

លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិន បានជំរាបសម្ដេចតេជោនាយករដ្ឋមន្ត្រី ថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនធំ ដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ រួមទាំងការសាងសង់នៅក្នុងប្រទេស និងក្រៅប្រទេស។ ត្បិតការរកស៊ីផ្លូវដែកនេះមិនសូវចំណេញ ក៏ប៉ុន្តែអ្វីដែលលោកមានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយកម្ពុជា និងជាការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕