ខេត្តរតនគិរីៈ ការដ្ឋានអាជីវកម្មបូមខ្សាច់ប្រមាណ៣កន្លែងនៅតាមបណ្តោយដងទន្លេស្ថិតក្នុងស្រុកលំផាត់ ត្រូវគេអះអាងថា គ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ ប៉ុន្តែកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នេះ គេឃើញបន្តសកម្មភាពបូមខ្សាច់យ៉ាងគំហុកពីទន្លេឡើងមកគរទុកក្បែរផ្ទះប្រជាពលរដ្ឋដូចភ្នំ មុននឹងបន្តដឹកទៅចែកចាយតាមដេប៉ូនានាក្នុងខេត្តរតនគិរី។
មន្ត្រីអាជ្ញាធរមួយរូប(សុំលាក់ឈ្មោះ)បានឲ្យដឹងថា ការដ្ឋានបូមខ្សាច់នោះ គ្មានសុំអាជ្ញាប័ណ្ណពីមន្ទីររ៉ែនិងថាមពល ក្នុងការធ្វើអាជីវកម្មបូមរ៉ែខ្សាច់នោះទេ គឺពួកគេបូមដោយលួចលាក់ និងមានការឃុបឃិតជាមួយអាជ្ញាធរនៅក្នុងតំបន់ទីនោះ។ ទីតាំបូមខ្សាច់ខាងលើនោះស្ថិតនៅតំបន់ចំណុច ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ប្រភពបន្តថា ទីតាំងបូមខ្សាច់អត់ច្បាប់ ក្នុងស្រុកលំផាត់មានមិនតិចជាង៥កន្លែងទេក្នុងនោះមាន ទីតាំងខ្លះជារបស់ជនជាតិវៀតណាម ។រាល់ម្ចាស់ទីតាំងបូមខ្សាច់បានអួតអាងថា ប្រធានមន្ទីររ៉ែ និងថាមពល រួមនិងមន្ត្រីមូលដ្ឋានសុទ្ធតែទទួលសំណូក និងដាក់ខែ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍ឲ្យដឹងថា ពួកគេរកស៊ីលួចបូមខ្សាច់អត់ច្បាប់យ៉ាងគគ្រឹកគគ្រេងជាយូរណាស់មកហើយ ដោយសារមានការបិទបាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺតិចឬច្រើនពួកគេបានឃុបឃិតស៊ុមគ្រលំគ្នាសូក និងទទួលសំណូកដាក់ខែ ហើយធ្វើមិនដឹងមិនឮបណ្តោយឲ្យឈ្មួញបូមយកខ្សាច់លក់យ៉ាងអនាធិបតេយ្យ។
ប្រភពបន្តទៀតថា ពលរដ្ឋដែលរស់នៅក្បែរការដ្ឋានអាជីវកម្មបូមរ៉ែខ្សាច់តាមដងទន្លេក្នុងស្រុកលំផាត់នោះ ធ្វើឲ្យពួកគាត់ព្រួយបារម្មណ៍ករណីបាក់ច្រាំងទន្លេរលំផ្ទះបង្កគ្រោះថ្នាក់ដល់អាយុ ជីវិត ព្រោះផ្ទះសំបែងពួកគាត់រាប់ខ្នងសង់នៅតាមបណ្តោយដងក្បែរទន្លេទាំងអស់។
បុរសចំណាស់ម្នាក់ដែលអះអាងថាជាពលរដ្ឋរស់នៅទីនោះរាប់ទសវត្សមកហើយនោះ បានរិះគន់យ៉ាងចាស់ដៃចំពោះអស់លោកអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញថា នាំគ្នាប្រព្រឹត្តអំពើពុករលួយ មិនបានគិតគូរពីផលវិបាក ឬគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងពីការបាក់ស្រុកច្រាំងទន្លេ ដោយសារឈ្មួញបូមខ្សាច់ខុសបច្ចេកទេសនោះទេ ។
បុរសដដែលបន្តថា បើសិនជាកើតមាននូវគ្រោះអាក្រក់ដូចបានលើកឡើងមែននោះ គាត់នឹងកៀងគរបងប្អូនប្រជាពលរដ្ឋដាក់បណ្តឹងចំពោះលោកមេឃុំ មេស្រុក និងថៅកែផែបូមខ្សាច់អនាធិបតេយ្យនោះ ឲ្យទទួលខុសត្រូវ និងផ្តន្ទាទោសតាមផ្លូវច្បាប់ មិនឲ្យរួចខ្លួនឡើយ ។
លោកអភិបាលស្រុក លំផាត់ មិនអាចទាក់ទងសុំការឆ្លើយតបចំពោះការរិះគន់ដូចខាងលើនេះបានទេកាលពីរសៀលថ្ងៃទី ១២ មិថុនា នេះ។
បុរសចំណាស់ដដែល បានសំណូមពរឲ្យ មេគង្គប៉ុសិ៍្ត ធ្វើការផ្សព្វផ្សាយពីករណីបូមខ្សាច់ខាងលើដើម្បីឲ្យលោកអភិបាលខេត្ត ក៏ដូចជាក្រសួងរ៉ែ និងថាមពលបានដឹងពីរឿងនេះ និងជួយចាត់វិធានការឲ្យបានតឹងរ៉ឹងជាបន្ទាន់ផង បើមិនដូច្នេះទេផ្ទះសម្បែងរបស់ពួកគាត់នឹងត្រូវបាក់ស្រុតចូលក្នុងទន្លេ ហើយអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សជាមិនខានឡើយ៕ ដោយ ៖ឡុង សារ៉េត