លោក យន្ត មីន សុំឲ្យយោគយល់ពីបញ្ហាអនាម័យ ខណៈសំណង់អគារធំៗកំពុងកើតឡើងច្រើន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មានការយោគយល់ ចំពោះ បញ្ហាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ នៅក្នុងក្រុងព្រះសីហនុ ខណៈដែលសំណង់អគារធំៗបាននិងកំពុងជួសជុលនិងសាងសង់ថ្មីយ៉ាងច្រើន។

ក្រុងព្រះសីហនុបាន និងកំពុងតែមានការវិវត្តន៍រីកចម្រើនលើពហុវិស័យ មានទាំងវិស័យពាណិជ្ជកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ កសិកម្ម និងអាជីកម្ម។ ចំពោះវិស័យចលនទ្រព្យ ខេត្តព្រះសីហនុ កំពុងរីកដូចទំពាំងច្រូងច្រាងគ្រប់ទីកន្លែង។ ដូច្នេះ លោកសូមអោយប្រជាពលរដ្ឋទាំងអស់មេត្តាយល់ ដោយសារតែពេលនេះ យើងបាននិងកំពុង ជួសជុលផង និងសាងសង់ផង ដែលធ្វើឲ្យមានបញ្ហា ចំនួនដូចជា ទឹកដក់ក្តាពុម្ព នឹងឥដ្ឋ ស៊ីម៉ង់ នៅពាសវាលពាសការជាដើម។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយការសាងសង់សំណង់ធំៗនេះរួច យើងនឹងរៀបចំអោយបានប្រសើរឡើងជាបន្តបន្ទាប់។ ជាងនេះទៅទៀត លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តាយោគយល់ និងកុំជឿលើការផ្សព្វផ្សាយ ព័ត៌មានមួយចំនួនថា ក្រុងព្រះសីហនុពោរពេញទៅដោយការកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ នោះ ធាតុពិតវាមិនដល់ថ្នាក់ហ្នឹងនោះទេ វាជាការផ្សព្វផ្សាយព័ត៌មានបំភ្លើសប៉ុណ្ណោះ។

ការអំពាវនាវ បែបនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃសៅរ៏ចុងសប្តាយហ៍កន្លងទៅនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតល្បែងលើកទី១ និងការប្រគល់អំណោយមនុស្សធម៌ ជូនកុមារកំព្រាត្រកូលសៅ នៅមជ្ឈមណ្ឌលកំសាន្តជីន ប៉ី ក្នុងខេត្តព្រះសីហនុ។

លោក យន្ត មីន បានបន្តទៀតថា មជ្ឈមណ្ឌលកំសាន្តជីនប៉ី កន្លងមកនេះ បានជួយមករដ្ឋបាលខេត្តព្រះសីហនុ និង ជួយទៅលើផ្នែកមនុស្សធម៌ជាច្រើន បន្ថែមពីលើការងារអភិវឌ្ឍន៍ផ្នែកអចលនៈទ្រព្យ និង ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តនេះ។ ដូច្នេះទេសូមឱ្យក្រុមហ៊ុន បន្តនូវសកម្មភាពមនុស្សធម៌នេះឱ្យបានច្រើនជាបន្តទៀត ដើម្បីរួមចំណែកជួយដល់សង្គម។

លោក ឈិន អេនស៊ិន ប្រធានមជ្ឈមណ្ឌលកំសាន្តជីន ប៉ី បានមានប្រសាសន៍ថា ការបង្កើតអោយមានកម្មវិធី“ប្រកួតមិត្តភាពលើកទីមួយនៅមជ្ឈមណ្ឌលកម្សាន្តជីនប៉ី”នេះ គឺដើម្បីចង សម្ព័ន្ធមិត្តភាពការបង្កើតកម្មវិធីសប្បាយៗជូនភ្ញៀវមកលេងកម្សាន្តពិសេសក្នុងគោលបំណងពង្រឹងវិស័យល្បែងកំសាន្ត បង្កើនការទំនាក់ទំនងរវាងគ្នានិងគ្នា ដើម្បីរួមសហការគ្នា ជំរុញឲ្យវិស័យល្បែងកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែមានការឈានមុខ បែបស្តង់ដារអន្តរជាតិ ហើយ ឆ្លុះបញ្ចាំងឱ្យពិភពលោកស្គាល់នូវសក្តានុពលរបស់ខេត្តព្រះសីហនុ។

ក្រៅពីនេះ មជ្ឈមណ្ឌលកំសាន្ត ជីនប៉ី នឹងបន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមការងារសង្គមឱ្យបានកាន់តែច្រើន ជួយដល់ចាស់ជរា ជនក្រីក្រ និងកុមារកំព្រា លោកគិតថា នេះមិនមែនជាបំណងរបស់មជ្ឈមណ្ឌលកម្សាន្តជីនប៉ីតែមួយទេ វាគឺជាបំណងអភិវឌ្ឍន៍រួមរបស់អ្នកវិនិយោគខាងវិស័យល្បែងកម្សាន្តទាំងអស់ នៅក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ អ្នកទទួលបានរង្វាន់លេខ១ នៃការប្រកួតល្បែងលើកទី១នេះ ទទួលបានទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ និងបានប្រគល់ថវិការមនុស្សធម៏ ដែលប្រមូលបានពីសប្បុរសធម៌ ជូនទៅកុមារកំព្រាត្រកូលសៅចំនួន២ម៉ឺនដុល្លារផងដែរ៕