គម្រោងស្ថាបនាសួនច្បារឆ្នេរទន្លេក្រុងកំពង់ចាម សម្រេចបាន៥០ភាគរយហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ គម្រោងសួនច្បារឆ្នេរទន្លេនៅទីក្រុងកំពង់ចាម ត្រូវបានក្រុមជំនាញធ្វើការស្ថាបនា និងជួសជុលកែលម្អ សម្រេចបានប្រមាណជាង ៥០ភាគរយហើយ លើគម្រោងប្រវែង ២៣២ម៉ែត្រ ទទឹង៥៥,២៣ម៉ែត្រ ដោយចាប់ពីគល់ស្ពានគីហ្សូណា ដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ។ នេះបើតាមការបញ្ជាក់របស់ ​លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នេះ ខណៈរូបលោក និងលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រយ៍ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងរដ្ឋបាលមន្ទីរពាក់ព័ន្ធ ចុះពិនិត្យការសាងសង់លើកម្រោងកែលម្អសោភណ្ឌភាពឆ្នេរទន្លេនេះ។

មន្ត្រីនៃមន្ទីរជំនាញ បានឲ្យដឹងថា សួនច្បារដែលកំពុងកសាងឡើងនេះ គឺមានលក្ខណៈពិសេសច្រើនយ៉ាង ដូចជាសោភណ្ឌភាពស័ក្តិសមជាទីក្រុងទេសចណ៍ កែលម្អអនាម័យ បរិស្ថាន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលនិយមដើរហាត់ប្រាណ ដើរកម្សាន្ត និងមានកន្លែងសម្តាប់អង្គុយអានសៀវភៅ បំពាក់ឧបករណ៍សម្រាប់កុមារតូចៗលេងកម្សាន្ត និងមានកទីធ្លាសម្រាប់រៀបចំការប្រគុំតន្រ្តី រាំលេងកម្សាន្តបែបហាត់ប្រាណផងដែរ។ ពិសេសជាងនេះក៏មានបែងចែកកន្លែងតាមវ័យ អាចអង្គុយលេង ដូចជា វ័យចំណាស់ យុវជន និងក្មេងៗតូច ផងដែរ។ ការរៀបចំសួនថ្មីនេះ សង្ឃឹមថានាពេលអនាគតនឹងទទួលបានភ្ញៀវទេសចរច្រើនជាងមុន។

សូមជម្រាបថា បច្ចុប្បន្ននេះ លោកអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ក្រុមជំនាញ និងមន្ត្រីពាក់ព័ន្ធឲ្យមានការពន្លឿនការសាងសង់ និងជួសជុលសួនច្បារនេះឲ្យបានឆាប់ ដើម្បីដាក់ឲ្យដំណើរការជាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានប្រើប្រាស់នាពេលខាងមុខ៕ ដោយ ៖ សុផល