នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ក្លាយ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2015 ក+ ក-

​ភ្នំពេញ​៖​​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ខាងមុខនេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស នៅ​ស្នាក់ការ​កណ្តាល​គណបក្ស (​គ​៨៥) ជិត​វិមាន​ចំការមន​។​តំណែង​ប្រធាន​គណបក្ស​ត្រូវបាន​ដឹងថា លោក ហ៊ុន សែន ពីមុន​ជា​អនុប្រធាន​គណបក្ស នឹងត្រូវ​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ជំនួស​សម្តេច ជា ស៊ីម​។​

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក នា​ព្រឹក​ថ្ងៃទី ១៤ មិថុនា នេះ​ថា​«​សម្តេចនាយក​រដ្ឋមន្ត្រី លោក​នឹង​ស្នង​ពីស​ម្តេច​ប្រធាន ជា ស៊ីម ហើយ​ត្រូវ​ឆ្លង​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន គឺ​ជ្រើសតាំង​សម្តេចនាយក​រដ្ឋមន្ត្រី ហើយនឹង​ជ្រើសតាំង​អនុប្រធាន​ទៀត ដើម្បី​ជំនួស​សម្តេច (​អនុប្រធាន​) ហើយ​តំណែង​អនុប្រធាន គឺ​នៅ​ចាំមើល​នៅ​ថ្ងៃទី​២០ មិថុនា តែម្តង​។ មន្ត្រី​ដែល​ត្រូវ​ជំនួស​តំណែង​អនុប្រធាន​បក្ស អាច​សន្និដ្ឋានថា ជា​ឥស្សរជន​ជាន់ខ្ពស់​នៅក្នុង​គណៈអចិន្ត្រៃយ៍ ដែលមាន​ប្រវត្តិ​យូរអង្វែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា »​។​

​គួរ​ជម្រាប​ថា ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺធ្វើឡើង​បន្ទាប់ពី​ពិធី​បូជាសព​សម្តេច ជា ស៊ីម រួចរាល់​បាន​មួយថ្ងៃ គឺ​នៅ​ថ្ងៃ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ ដែលជា​ថ្ងៃ​កាន់​មរណទុក្ខ​ក្នុង​ពិធី​បូជាសព​។​

សម្តេច ស៊ីម អតិ​ត​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៣​ឆ្នាំ​ដោយ​ជរាពាធ កាលពី​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥​វេលា​ម៉ោង ៣:៤៥ នាទី នៅ​ភូមិគ្រឹះ​របស់​សម្តេច សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕ដោយ៖ សុត្ថារ៉ូ