អាជ្ញាធរចុះបិទមណ្ឌលកម្សាន្ត ជីនទីង នៅកោះរ៉ុងសន្លឹម ម្តងទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ ក្រុមការងារដែលដឹកនាំដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះ បានចុះមកបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តជីនទីងដែលមានទីតាំងស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុហើយ បន្ទាប់ពីមានការិ:គន់ពីសំណាក់ពលរដ្ឋ និងភ្ញៀវទេសចរដែលទៅលេងកំសាន្តនៅទីនោះ។

អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទអាជីវកម្មកម្សាន្តរបស់ជនជាតិចិនមួយកន្លែងនេះ ក្រោមហេតុផលថា ទីតាំងនោះមិនបានអនុវត្តតាមច្បាប់។ យុវជន និងសកម្មជនបរិស្ថាន បានបង្ហាញការគាំទ្រចំណាត់ការនេះ ដោយសារពួកគេបានរកឃើញថា ទីតាំងអាជីវកម្មនោះ បានបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ប៉ះពាល់ដល់សោភ័ណភាពឆ្នេរកោះរ៉ុងសន្លឹមយ៉ាងធ្ងន់ធ្ងរ។

រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឱ្យម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង (JINDING) ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ĥក្រុងព្រះសីហនុ បិទអាជីវកម្មរបស់ខ្លួនជាកំហិត វិធានការក្ដៅរបស់អាជ្ញាធរខេត្តព្រះសីហនុនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ៧៧នាក់ និងក្រោយពីមានការចុះពិនិត្យដោយផ្ទាល់ពីមន្ត្រីជំនាញពាក់ព័ន្ធ។

សកម្មភាពទាំងនោះមានដូចជា ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូ រំលោភលើដីឆ្នេរសមុទ្រ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រ ប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាស់ខ្លាំងៗបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ ក្រៅពីនេះ មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះ បានប្រើប្រាស់អាជ្ញាបណ្ណល្បែងភ្នាល់អនឡាញ ដែលហួសសុពលភាព និងមានករណីបាញ់បោះហិង្សា ប្រព្រឹត្តដោយអ្នកគ្រប់គ្រងសន្តិសុខនៅទីនោះទៀតផង។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុផ្ញើជូនម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ដែលអ្នកយកព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែមីនា កន្លងទៅ។

កញ្ញា លាង សុភារី គឺជាយុវជនស្ម័គ្រចិត្តមួយរូប ដែលបានចុះទៅថត និងបង្ហោះវីដេអូស្ដីពីការបង្ហូរទឹកកខ្វក់ចេញពីមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ចូលក្នុងសមុទ្រនៅកោះរ៉ុងសន្លឹម កាលពីចុងខែកុម្ភៈកន្លងទៅ កញ្ញាសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនេះ ព្រោះកញ្ញាមើលឃើញថា អាជីវកម្មរបស់ក្រុមហ៊ុនចិនមួយនេះកំពុងបំផ្លិចបំផ្លាញបរិស្ថានតំបន់ឆ្នេរកោះរ៉ុងសន្លឹម ដែលជាកន្លែងទេសចរដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ …«ខ្ញុំចង់ឱ្យគាត់ចុះមើលលូដែលបង្ហូរចូលក្នុងសមុទ្រទាំងនៅកោះរ៉ុង កោះរ៉ុងសន្លឹម ទាំងឆ្នេរអូរឈើទាល ឱ្យគាត់ចុះទប់ស្កាត់ការបង្ហូរទឹកលូ ហ្នឹង ដើម្បីកុំឱ្យសមុទ្រយើងខូចខាតទាន់….»។

ចំណែក សកម្មជនបរិស្ថាន លោក ថុន រដ្ឋា វិញ ក៏គាំទ្រចំណាត់ការនេះដែរ ប៉ុន្តែលោកជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម និងមណ្ឌលកម្សាន្តដទៃទៀត ព្រោះលោកជឿជាក់ថា ករណីស្រដៀងគ្នានេះ ក៏កើតមាននៅកន្លែងផ្សេងទៀតដែរ។ លោកថា ក្រៅពីបិទអាជីវកម្ម អាជ្ញាធរក៏គួរតែនាំខ្លួនម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដែរ ព្រោះបទល្មើសដែលអាជ្ញាធររកឃើញ គឺជាបទល្មើសព្រហ្មទណ្ឌ…«កម្ពុជាជាប្រទេសដែលមានច្បាប់ត្រឹមត្រូវទាំងទោសព្រហ្មទណ្ឌជាដើម អ៊ីចឹងអាជ្ញាធរ ត្រូវតែដាក់ទោសធ្ងន់ធ្ងរទៅលើម្ចាស់អាជីវកម្ម ដែលបង្កឱ្យមានបទល្មើសជាច្រើនកើតឡើងនៅកន្លែង ដែលគាត់ប្រកបអាជីវកម្ម ហើយក៏ជាការពិន័យ ជាការព្រមានទៅកាន់ម្ចាស់អាជីវកម្មដទៃទៀត កុំឱ្យហ៊ានរំលោភទៅលើច្បាប់….»។ លោកថា «…មួយទៀត ត្រូវស៊ើបអង្កេតថា តើមន្ត្រីអសកម្មរូបណា ដែលឃុបឃិតគ្នាក្នុងការបណ្ដែតបណ្ដោយឱ្យមានបញ្ហានេះកើតឡើងជាច្រើនឆ្នាំមកនេះ…»។

កួរជម្រាបថា យោងតាមលិខិតលេខ ១១១/១៩ ស.ជ.ណ ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មជ្ឈមណ្ឌលកម្សាន្ត ជីនទីង ដែលជាកន្លែងអាជីវកម្មពុំមានប្រព័ន្ធចម្រោះទឹកកង្វក់ ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតលេខ ៥៨២ ស.ជ.ណ ចុះថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ហើយនៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទ ក្លឹបកំសាន្តនេះតែម្តង៕