មនុស្ស៤នាក់ប្រើឈ្មោះអភិបាលខេត្តកោះកុង ទៅគំរាមដាក់ខ្នោះពលរដ្ឋម្ចាស់ដីដាក់គុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2019 ក+ ក-

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានភ្ញាក់ផ្អើល និងសំដែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណ:មានមនុស្សចំនួន៤នាក់(ប្រុស២នាក់ ស្រី២នាក់) បានជិះរថយន្តសេរីស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីសឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-9907 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានចុះពីរថយន្តចូលលុកលុយមើលដីក្នុងចម្ការ រួចដើរមកគំរាមកំហែងម្ចាស់ចម្ការដល់ផ្ទះដោយសំដីធ្ងន់ៗថា« ចង់ទៅប្តឹងដល់ណា ក៏ប្តឹងទៅ ព្រោះគេជាខ្សែស្រឡាយជាមួយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង»។

ប្រជាពលរដ្ឋ បានរាយការណ៍ថា អ្នកទាំង ៤នាក់នោះ បានធ្វើសកម្មភាពចូលទៅមើលដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង ខណ:ដែលម្ចាស់ដីបានដើរចូលទៅតាមមើលដល់កន្លែង ស្រាប់តែពួកគេនាំគ្នារត់ចេញមកវិញ។ អ្នកខ្លះក៏ឡើងជិះឡាន អ្នកខ្លះក៏ឡើងជិះម៉ូតូ រួចបានបើករត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក ស្រាប់តែក្រុមដដែលនេះ ជិះឡានត្រឡប់ចូលមករករឿងម្ចាស់ដីដល់ក្នុងចំការ និងដល់ផ្ទះតែម្តងផ្អើលអស់អ្នកភូមិនាំគ្នាមក ចោមរោមយ៉ាងច្រើនកុះករ។

ប្រភពដដែលបន្តទៀតថា ក្រុមជនបង្កទាំងនោះ បានចូលមកគំរាមកំហែងព្រមានដល់ម្ចាស់ផ្ទះ និងអ្នកស្រកដែលឈរមើលទាំងអស់ធ្ងន់ៗថា ៖ «…. បើអ្នកណាហ៊ានរថតបង្ហោះលេខឡាន និងរូបភាពរបស់ពួកគេដែលចូលមកក្នុងដីឡូត៍នេះ ខ្ញុំនឹងវ៉ៃខ្នោះអូសក្បាលយកទៅដាក់គុក … អ្នកទាំងអស់គ្នាស្គាល់ទេថា ខ្ញុំគឺជានរណា? តាមពិតទៅខ្ញុំមានខ្សែស្រឡាយជាមួយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង …បើសិនជាអ្នកទាំងអស់គ្នាមិនសុខចិត្តទេ ទៅប្តីនៅឯណាក៏ប្តឹងចុះ អត់ខ្លាចទេ …។

ប្រការគួរឲ្យចំឡែកទៀតនោះគឺ ជនបង្កដដែល បានងាកមកព្រមានទៅលើក្រុមអ្នកសារព័ត៌មាន ដោយអួតអាងថា« … ឯអ្នកសារព័ត៌មានក៏គ្មានសិទ្ធិថត និងចុះផ្សាយពីពួកខ្ញុំដែរ ពីព្រោះខ្ញុំជាអ្នកមានលុយ និងមានអំណាច ចង់បញ្ឈប់ការងារអ្នកយកសារព័ត៌មានពេលណាក៏បានដែរ ខ្ញុំមានខ្សែសុទ្ធតែលោកធំៗ និងជាអ្នកមានលុយ ស្ថាប័នណាក៏មិនខ្លាចដែរ….»។

សូមជម្រាបថា យ៉ាងណាក៏ដោយ នៅក្នុងពេលកើតហេតុ ក្រុមជនដែលមកបង្កបញ្ហាទាំងនោះ មិនបានឆ្លើយតបដោយថ្លៃថ្នូរទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធរឿងហេតុដែលចុះមកដើរមើលដីចម្ការ និងបានគំរាមព្រមានម្ចាស់ចម្ការនោះឡើយ។

ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ប្រាប់ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ តាមរយៈទូរស័ព្ទនៅវេលាម៉ោង ២ និង ៤៥នាទីនារសៀលថ្ងៃទី២៨ ខែឧសភា នេះ ថា លោកជំទាវមិនបានដឹងរឿងរ៉ាវទាំងនេះទេ ហើយក៏មិនបានពាក់ព័ន្ធ ឬក៏បញ្ជាឲ្យក្រុមណាមួយ ចុះទៅអុកឡុកប្រជាពលរដ្ឋដល់ដីចម្ការ និងដល់ផ្ទះសម្បែងដោយខុសច្បាប់ ដូចការលើកឡើងនោះដែរ។

លោកជំទាវ អភិបាលខេត្តកោះកុង ក៏បានជំរុញផងដែរឲ្យក្រុមអ្នកសាព័ត៌មានជួយបញ្ជូនរូបភាពជនណាក៏ដោយ ដែលយកឈ្មោះលោកជំទាវ ទៅប្រើប្រាស់ដោយខុសច្បាប់ ទៅឲ្យលោកជំទាវជាបន្ទាន់ ដើម្បីលោកជំទាវ ចាត់វិធានចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ ៖ រិទ្ធី