តើ​តំណែង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អាចជា​លោ​ក ស ខេង ឬក៏​លោក ​សាយ ឈុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ឈឹម ផល​វរុណ អ្នកនាំ ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​២០​មិថុនា​ខាងមុខនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​ការបោះឆ្នោត ជាសម្ងាត់ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន ដែល​ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន ជា​បេក្ខជន​តែ​ម្នាក់​គត់ សម្រាប់​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាម​ប្រភព FPM បាន​ផ្សាយ​ថា ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន នា​ថ្ងៃទី​២០​មិថុនា​ខាងមុខនេះ គឺធ្វើឡើង បន្ទាប់ពី​សម្តេច ជា ស៊ីម បានទទួល​មរណភាព កាលពី​ថ្ងៃទី​០៨​មិថុនា​។ រីឯ​អនុប្រធាន​គណបក្ស​ជា​ជនកម្ពុជា ជំនួស​សម្តេច ហ៊ុន សែន វិញ មិនមាន​ប្រភព​បញ្ជាក់​ច្បាស់​ថា​ជា​ឥស្សរជន​ណាមួយ​នោះទេ​នៅឡើយ​ទេ​។​

​លោក ឈឹម ផល​វរុណ អះអាងថា ឥស្សរជន​សម្រាប់​តំណែង​អនុប្រធាន​គណបក្ស​នោះ គឺ​ធ្លាប់មាន​ប្រវត្តិ​តស៊ូ ចាប់តាំងពី​គ្រា​ដំបូង​ជាមួយ សម្តេច ហេង សំរិន សម្តេច​ជា ស៊ីម និង​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ការ​ផ្តួល​រលំ​របប​ប្រល័យ​ពូជ សាសន៍​ខ្មែរក្រហម​ចាប់តាំងពី​ចុងឆ្នាំ​១៩៧៨​។​

​ក្រុមអ្នកវិភាគ​បាន​ទស្សន៍ទាយ​ថា សម្រាប់​តំណែង​អនុប្រធាន​គណបក្ស អាចជា​សម្តេច​ក្រឡាហោម ស ខេង ព្រោះ​ជា​ឥស្សរជន​លេចធ្លោ ធ្លាប់មាន​ប្រវត្តិ​តស៊ូ​ដូចខាងលើ ហើយ​ត្រូវ ជា​ប្អូនថ្លៃ សម្តេច ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​ជា​ប្រធានព្រឹទ្ធសភា ឬក៏​អាចជា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ទំនងជា​ទទួលបាន​តំណែង​មួយ​នេះដែរ ដោយសារ​លោក​ជា​អគ្គលេខា​គណបក្ស​ប្រជាជន​កម្ពុជា និង​ធ្លាប់មាន​ប្រវត្តិ​តស៊ូ​ដូចខាងលើ​នេះដែរ ហើយ​ម្យ៉ាង​សម្តេច​វិបុល​សេនា​ភក្តី ទើប​ជាប់ឆ្នោត​ជា​ប្រធានព្រឹទ្ធសភា​ទៀតផង​។​

​ទោះជា​យ៉ាងណា មិន​ប្រាកដថា​តើ​ឥស្សរជន​ណាមួយ នឺង​ក្លាយជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ខាងមុខនេះ​នោះទេ​៕