ផ្ទុះជំងឺគ្រុនឈាមនៅខេត្តក្រចេះ ស្លាប់៣នាក់ និងឆ្លងជំងឺជាង៤០០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2019 ក+ ក-

ខេត្តក្រចេះ ៖ ជំងឺគ្រុនឈាម ត្រូវបានគេចាត់ទុកថា ជាជំងឺឆ្លងទាំងមនុស្សចាស់និងកុមារ តាមរយៈ មូស ខ្លាខាំ ហើយជំងឺនេះគឺកំពុងកើតមានធ្ងន់ធ្ងរនៅខេត្តក្រចេះ និងបានបង្កឱ្យមានមនុស្ស៣នាក់បាន ឈឺស្លាប់ និងមនុស្សចាស់ចំនួនជាង ៤០០នាក់ បានឆ្លងនិងកំពុងតែធ្លាក់ខ្លួនឈឺដោយជម្ងឺគ្រុនឈាម នៅក្នុងរយះពេលប្រមាណ២ខែចុងក្រោយនេះ ដែល ចំនួននេះបើប្រៀបធៀបទៅនិងឆ្នាំ២០១៨ គឺ មានការកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ម។

ប្រធានមន្ទីរសុខាភិបាល លោក ឈ្នាង សុវត្ថា បានឱ្យដឹងនៅថ្ងៃទី៧ ខែមិថុនា នេះ ថា ជំងឺគ្រុន ឈាម គឺកំពុងតែកើតមានធ្ងន់ធ្ងរ នៅក្នុងខេត្តប៉ែកឥសាន្តមួយនេះ និងមានកុមារ និងមនុស្សចាស់ ចំនួន ៤២៥នាក់ ក្នុងនោះអាយុ ១៥ឆ្នាំឡើង ចំនួន៦នាក់ បានកើតនិងឆ្លងជម្ងឺគ្រុនឈាម និងបានមក សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ខណះមានក្មេងជំទង់ ១នាក់និងកុមារ២នាក់ ត្រូវ បានឈឺរហូតស្លាប់។ ជាមួយគ្នានេះ លោកប្រធានមន្ទីរសុខាភិបាលបានសម្តែង ក្តីបារម្ភខណះសព្វថ្ងៃ ចំនួន អ្នកឈឺក៏នៅមិនទាន់មានតួរលេខថមថយនៅឡើយទេនោះ។

លោកបានបន្តថា ដោយសារតែការបម្រែបម្រួលអាកាសធាតុ ទើបធ្វើឱ្យជម្ងឺគ្រុនឈាម ឆ្នាំនេះ មានការផ្ទុះឡើងច្រើនជាងឆ្នាំមុន។ តែបើទោះជាយ៉ាងនេះក្តី លោកអះអាងថា មន្ទីរក៏មានមន្រ្តីប្រចាំ ការ នៅតែបន្តសកម្មភាពយ៉ាងសកម្មនៅតាមតំបន់គោលដៅ លើការចុះអនុវត្តវិធានការបង្ការ ការពារ និង ទប់ស្កាត់នូវប្រភេទជម្ងឺឆ្លងនេះ ដូចជាការចុះបាញ់ថ្នាំកម្ចាត់មូស ការចុះដាក់ថ្នាំអា បែតនៅក្នុងពាង ឬអាងទឹករបស់ប្រជាពលរដ្ឋនៅតាមភូមិ ពិសសេនោះ ការចុះអប់រំផ្សព្វផ្សាយ ណែនាំឱ្យពួកគាត់យល់ដឹងពីការបង្ការទប់ស្កាត់ពីប្រភេទជម្ងឺឆ្លងដោយមូសខ្លា។

បើតាមលោកប្រធានមន្ទីរក៏បានកត់សម្គាល់ឃើញថា មានស្រុកចំនួន២ ក្នុងនោះ រួមមាន ស្រុក ស្នួល និងស្រុកចិត្របុរី នៅទូទាំងខេត្ត ដែលមានអ្នកឆ្លងជម្ងឺគ្រុនឈាមច្រើនជាងគេ។

ទន្ទឹមនិងគ្នានេះ លោក ឈ្នាង សុវត្ថា ក៏បានអំពាវនាវឱ្យពលរដ្ឋដែលធ្លាក់ខ្លួនឈឺដោយ ជម្ងឺ គ្រុន ឈាមត្រូវរូសរាន់មកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យធំៗទាំង៣របស់រដ្ឋ ដែលមានថ្នាំ សម្រាប់ ព្យាបាល និងមានគ្រូពេទ្យឯកទេស ជំនាញឯកទេសព្យាបាលត្រឹមត្រូវ ដើម្បីគេចចេញពីគ្រោះ ថ្នាក់ ដល់អាយុជីវិតដោយសារជម្ងឺគ្រុនឈាមនេះ។

លោកបន្តថា ដើម្បីទប់ស្កាត់ជំងឺនេះ គឺពលរដ្ឋត្រូវសំអាតនៅជុំវិញផ្ទះរបស់ខ្លួន ឱ្យបានស្អាតជា ពិសេស ទីជម្រក របស់មូសខ្លា គឺត្រូវបោសសំអាត និង លុបបំបាត់ទឹកដក់ នៅជុំវិញផ្ទះ ដូចជា កុំឱ្យ មានសម្បកកំប៉ុង សម្បកដូង និង សម្បកកង់ឡានជាដើម ព្រោះរបស់ទាំងនេះ ជាទីកន្លែងដែលមូស ខ្លានៅ និង ពងបាន៕