ឃាត់ខ្លួន​អនុប្រធាន​អង្គការ CVDA ដែល​រកស៊ី​ផ្តល់​ការប្រាក់​៤០%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2015 ក+ ក-

​ស្វាយរៀង​៖ បុរស​ម្នាក់​ជា​អនុប្រធាន​អង្គការ​អភិវឌ្ឍន៍​ភូមិ​កម្ពុជា ( CVDA ) ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ឆបោក​តាម​រូបភាព​យកប្រាក់​ទៅ​តម្កល់​ឲ្យ​អង្គការ​របស់ខ្លួន​ដោយ​ផ្តល់​ការប្រាក់​ខ្ពស់​រហូតដល់​៤០​ភាគរយ យោងតាម​បណ្តឹង​ប្រជាពលរដ្ឋ​នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​។​

មន្ត្រីនគរបាល​មួយរូប​បាន​បញ្ជាក់ថា ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០១៥ តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣ គ្រួសារ​ក្នុង​ឃុំ​ពងទឹក ស្រុក​រំដួល សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត បាន​កោះហៅ​ឈ្មោះ ជេ​ត សារិន ជា​អនុប្រធាន CVDA ដែលមាន​ទីស្នាក់ការ​នៅផ្ទះ​លេខ​៤៤ ផ្លូវលំ​លេខ​៤ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ចំនួន ៣៩.៥០០​ដុល្លារ​អាមេរិក របស់​ប្រជាពលរដ្ឋ​ចំនួន ១៣​គ្រួសារ ក្នុងអំឡុង​ពី​ឆ្នាំ​២០១៣-២០១៤​។

ប្រភព​បន្តទៀតថា តាមរយៈ​ពាក្យបណ្តឹង​អង្គការ​នេះ បាន​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចង​ការណ៍​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា (ACLEDA ) យកមក​ចងកា​រណ៍ប​ន្ត​ឲ្យ​ខ្លួន ដោយ​សន្យា​ផ្តល់ប្រាក់​ការ​ចំនួន​៤០​ភាគរយ ក្នុង​រយៈពេល​២៤ ខែ និង​បង់ប្រាក់​រំ​លោះ​ឲ្យ​ធនាគារ ACLEDA ជំនួស​ប្រជាពលរដ្ឋ រៀងរាល់ខែ រហូតដល់​សង​ចប់​បំណុល ។ អង្គការ​នេះ អនុវត្ត​កិច្ចសន្យា​ដោយបាន​បង់ប្រាក់​រំ​លោះ​ឲ្យ​ធនាគារ​ជំនួស ប្រជាពលរដ្ឋ ក្នុង​ម្នាក់ៗ ត្រឹមតែ​ពី ៣​ទៅ​៥ ខែ​ប៉ុណ្ណោះ ក៏​ឈប់​បង់ប្រាក់​រំ​លោះ​នោះ ធ្វើ​ឲ្យ​ធនាគារ​បង្ខំ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​។

​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឈ្មោះ ជេ​ត សារិន បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​នឹង​បក្ខពួក ពិតជា​បាន​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ ដែលមាន​ចំនួន​ដូចខាងលើ​ពិតប្រាកដ​មែន ពេលនោះ​សមត្ថកិច្ច​ក៏បាន ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​នៅ​ថ្ងៃ​១៦ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​រសៀល ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​។

រីឯ​ឈ្មោះ ជេ​ត រ៉ែ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជេ​ត សារិន និង​ជា​ប្រធាន​អង្គការ សមត្ថកិច្ច​បានធ្វើ​សំណើ​ជូន​តុលាការ​ដើម្បី​សុំ​ដីកា​តាម​ចាប់ខ្លួន ។ ជនជាប់សង្ស័យ​ពី​ការ​ឆបោក​នេះ នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ម៉ោង​២ រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៥ នេះ​៕bhn

ជេ​ត សារិន អនុប្រធានអង្គការអភិវឌ្ឍន៍ភូមិកម្ពុជា