តម្លៃមាស ពេជ្រ នៅកម្ពុជា ប្រែប្រួលតិចតួចក្នុងរយៈពេលពីរ ឬបីថ្ងៃម្តង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2019 ក+ ក-

ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃតម្លៃគ្រឿងអលង្ការ មាស ពេជ្រ ឬប្លាទីន ទាំងការលក់ចេញ និងទិញចូល តែងមានការប្រែប្រួលទៅតាមតម្លៃទីផ្សារអន្តរជាតិ ពិសេសនៅសហអាមេរិកដែលជាទីផ្សារធំ។ នៅគ្រាដែលបច្ចុប្បន្នតម្លៃកំពុងមានការកើនឡើងនោះ ម្ចាស់អាជីវកម្មលក់មាស និងពេជ្រ ក្នុងរាជធានីភ្នំពេញ បានប្រាប់ពីវិធីរកផលចំណេញពីការប្រើប្រាស់នៅគ្រឿងអលង្កការ ដែលមានតម្លៃនោះ។

ស្របពេលដែលស្ថានភាពជីវភាពប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន មានភាពប្រសើរឡើងនោះ ការចំណាយទៅលើគ្រឿងអលង្ការមានតម្លៃ ដូចជា មាស ពេជ្រ និង ប្លាទីន ជាដើម ក៏មានកាន់តែកើនឡើងខ្ពស់ទៅតាមនោះដែរ។

ទន្ទឹមនឹងការកើនឡើងនៃថ្លៃចំណាយគ្រឿងអលង្ការមានតម្លៃ ប្រជាពលរដ្ឋ កម្ពុជា ក៏អាចទាញយកផលចំណេញពីការប្រើប្រាស់នេះ តាមរយៈការតាមដានព័ត៌មានស្តីពីការឡើង ចុះនៃហាងឆេងតម្លៃគ្រឿងអលង្ការទំាំងអស់នោះផងដែរា។

គួរជម្រាបថា ក្នុងប្រទេសកម្ពុជា តម្រូវការប្រើប្រាស់គ្រឿងអលង្ការមានតម្លៃទំាំងអស់នេះ គឺមានច្រើន ក្នុងកំឡុងរដូវរៀបអាពាហ៏ពិពាហ៏ និង ពិធីបុណ្យទានផ្សេងៗ ពោលគឺចាប់ពីខែតុលា រហូតដល់មុនរដូវវស្សាចូលមកដល់ នាខែឧសភា។ នៅពេលដែលតម្រូវការប្រើប្រាស់ មានកាន់តែច្រើន នោះតម្លៃនឹងកើនទៅតាមនោះដែរ។

ដោយឡែក អ្នកប្រើប្រាស់គ្រឿងអលង្ការប្លាទីន មួយចំនួនតែងតែយល់ឃើញថា គ្រឿងអលង្ការសុទ្ធល្អ នឹងធ្វើឲ្យយើងអាចប្រើប្រាស់បានយូ ហើយនឹងមិនខាតច្រើនពេលយកមកលក់វិញ ឬក៏ធ្វើការប្តូរម៉ូដជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ន មាសមួយជី មានតម្លៃប្រមាណ ១៦០ដុល្លារ តែតួលេខនេះ នឹងមានការប្រែប្រួលតិចតួច ក្នុងចន្លោះពី ពីរទៅ បីថ្ងៃ ហើយអាចនឹងប្រែប្រួលខ្លំាងក្នុងរយៈពេល១ខែ ទៅតាមទីផ្សារធំនៅសហរដ្ឋអាមេរិក៕