ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានមានព្រះបន្ទូលគាំទ្ររាជរដ្ឋាភិបាល ដែលបានធ្វើកំណត់ទូតតវ៉ា លើបញ្ហាព្រំដែន ជាមួយនឹងរដ្ឋាភិបាលវៀតណាម ដែលបានរំលោភបំពាន បូរណភាពទឹកដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន បណ្តាខេត្តមួយចំនួន។
យោងតាម FPM បានផ្សាយថា សម្តេចក្រុមព្រះ បានមានព្រះបន្ទូលគាំទ្រយ៉ាងដូច្នោះ ក្រោយចប់ ពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ ចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់កាកណ្តាល គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ព្រះអង្គ បានមានព្រះបន្ទូលថា ខ្ញុំគាំទ្ររាជរដ្ឋាភិបាល បានសរសេរលិខិតតវ៉ា ជាផ្លូវការ ដាក់ជូនរដ្ឋាភិបាលវៀតណាម អំពីការរំលោភបំពាន បូរណភាពទឹកដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន។
នៅក្នុងឱកាសនោះដែ សម្តេចក្រុមព្រះ បានមានបន្ទូល ប្រាប់ក្រុមអ្នកសារព័ត៌មាន ទាក់ទងនឹងការបង្កើតច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះ ថា រាជរដ្ឋាភិបាល គួរទុកឲ្យខាងអង្គការក្រៅរដ្ឋាភិបាល ជាអ្នកសម្រេច។
សម្តេចក្រុមព្រះ មានបន្ទូលបញ្ជាក់បន្តថា ព្រះអង្គគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើ កំណត់ទូតតវ៉ា ផ្ញើរទៅវៀតណាម ជាច្រើនលើកច្រើនសា ទាក់ទង លើបញ្ហាព្រំដែន ដែលរដ្ឋាភិបាលវៀតណាម បានរំលោភបំពាន បូរណភាពទឹកដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន។សូមឲ្យមានការរួមរួមគ្នា ខ្មែរតែមួយ ទើបអាចមានលទ្ធភាពដោះស្រាយ បញ្ហាបូរណភាពទឹកដី ជាមួយប្រទេសជិតខាងបានដូចសម័យសង្គមរាស្ត្រនិយម ដឹកនាំដោយសម្ដេចតា សម្ដេចតាទួត៕