អគ្គីភ័យឆេះបំផ្លាញអស់ផ្ទះខារ៉ាអូខេមួយនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ មនុស្សម្នារភ្នាក់ផ្អើលដោយសារតែ ផ្ទះបើកខារ៉ាអូខេមួយកន្លែងនៅភូមិទី២ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ត្រូវបានអគ្គីភ័យលេបត្របាក់នៅវេលាម៉ោងប្រហែល ១រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ ត្រូវបានរថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង មកអន្តរាគមន៍បាញ់ ទឹកពន្លត់ ដោយបានប្រើប្រាស់អស់ទឹកចំនួន ១១រថយន្តទើបរលត់ស្ថាពរ។

ស្រ្តីឈ្មោះ ខៀវ ផល្លី អាយុ៦៨ឆ្នាំ ប្រាប់ឲ្យដឹងថាៈ គាត់កំពុងនៅក្នុងផ្ទះខាងក្រោម ដោយសំរាន្ត មិនទាន់លក់នោះទេ ស្រាប់តែមានហេតុការណ៏ភ្ញាក់ផ្អើល ដោយមានអគ្គីភ័យបាន ឆាបឆេះផ្ទះបើក ខារ៉ាអូខេ ស្ថិតនៅទល់មុខនឹងផ្ទះរបស់គាត់ រំលងតែផ្លូវបេតុងមួយ ក្នុងគ្រានោះអណ្តាតភ្លើង បាន បក់មកទល់នឹងផ្ទះរបស់គាត់ ហើយក៏មានការភិតភ័យជាខ្លាំងស្ទើរសន្លប់ តែបានតាំងស្មារតីប្រឹង បើកទ្វារដែកក្តៅឡើងរលាកប្រអប់ដៃសងខាង ហើយដើមឈើនៅជិតនោះក្តៅ ឡើងស្លោក ស្លឹក ក្រៀម នៅក្នុងផ្ទះ មិនបានទេក្តៅណាស់ ។

ស្រ្តីចំណាស់ឈ្មោះ ផល្លី ប្រាប់បន្តថា គាត់បានទូរស័ព្ទប្រាប់ទៅកូនឲ្យមកប្រញាប់ យករថយន្ត ចេញពីក្នុងផ្ទះក្រែងភ្លើងបានឆាបឆេះមកដល់នោះ ទោះជាក្នុងស្ថានភាពបែបនេះក្តី ក៏ប្រឹងបណ្តើរ ម៉ូតូចេញមកក្រៅផ្ទះបានយកទៅទុកនៅកន្លែងសុវត្ថិភាព ហើយរថយន្តវិញ មិនបានបើកចេញកើត ទេដោយសារតែកំដៅក្តៅខ្លាំងពេក ។ សមាជិកក្រុមគ្រួសារគាត់បាននាំគ្នាបាញ់ទឹកស្រោចជញ្ជាំងផ្ទះនិងដំបូលការពារកុំឲ្យភ្លើងឆេះខណៈ ដែលភ្លើងហាក់មានល្បឿនឆេះលឿនផង ទើបឃើញរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាន នគរ បាល ខេត្តបានចេញមកជួយបាញ់ទឹកពន្លត់ផ្ទះខារ៉ាអូខេដែលឆេះនោះ តែ ទ្រព្យសម្បតិ្តនៅក្នុងផ្ទះ របស់ គាត់មិនមានការេខូចខាតទេ។

ស្រ្តីឈ្មោះ ស៊ឹម ស៊ីវម៉េង អាយុ៣២ឆ្នាំបានប្រាប់ថា ក្នុងពេលដែលគាត់បានចេញទៅធ្វើការក៏ស្រាប់ តែម្តាយឈ្មោះ ហ៊ួយ ទូរស័ព្ទប្រាប់ថា«ផ្ទះរបស់យើងភ្លើងឆេះហើយ» ស្របពេលដែលជិះម៉ូតូ ប្រញាប់ មកដល់ផ្ទះប្រមាណ១៥នាទីភ្លើងបានឆេះផ្ទះអស់បាត់ទៅហើយ ដោយសល់តែជើងតាង សសរ និងកម្លាំងសមត្ថកិច្ចបាននាំគ្នាមកជួយបាញ់ទឹកពន្លត់។ ផ្ទះនេះត្រូវបានម្តាយសាងសង់ពីមុន រហូតមកដល់សព្វថ្ងៃប្រមាណជាង៣០ឆ្នាំមកហើយ ត្រូវភ្លើងឆេះអស់ ។

លោកវរសេនីយ៏ឯក យ៉ន ឌីន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តបានប្រាប់ថា ក្រោមបញ្ជារបស់ស្នងការនគរនរបាលខេត្ត រថយន្តចំនួន០៤គ្រឿង បានចេញទៅ អន្តរាគមន៍បាញ់ទឹកក្នុងនោះរថយន្តពន្លត់អគ្គីភ័យខេត្ត៣គ្រឿង និងអធិការដ្ឋានគរបាលស្រុក កំពង់សៀម ១គ្រឿង បានប្រើប្រាស់ទឹកអស់ ១១រថយន្ត មូលហេតុនៃការឆេះមិនទាន់ដឹងច្បាស់ឡើយទេ កំពុងស្រាវជ្រាវថាតើ ឆេះដោយមូលហេតុអ្វី ចំណែកទំហំនៃការខូចខាតក៏មិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយដែរ ដោយរង់ចាំធ្វើសម្រង់របាយការណ៍ពីម្ចាស់ផ្ទះសិន តែយ៉ាងណាក៏ដោយ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនមាននរណាម្នាក់រងគ្រោះថ្នាក់ទេ៕